ភ្នំពេញ៖ក្រសួងព័ត៌មាន នៅថ្ងៃទី ២៦ មីនានេះ បានសម្រេចបិទអាជីវកម្មគេហទំព័រចំនួន២ គឺគេហទំព័រ «ស្ទឹងច្រាលប៉ុស្តិ៍» និងគេហទំព័រ «យុវជនតេជោ» ដែលបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កចលាចលក្នុងសង្គម ក្នុងដំណាល់ការរាតត្បាតជំងឺកូវីដ-១៩។
កន្លងទៅមន្ត្រីនៃក្រសួងព័ត៌មានបានឱ្យដឹងថា ក្នុងបរិបទនៃកូវីដ-១៩នេះ រាល់ការផ្សព្វផ្សាយព័ត៌មានណាបង្កភាពច្របូកច្របល់ និងចលាចលនៅក្នុងសង្គម ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ មិនថាបញ្ហាវ៉ាក់សាំង ឬ បញ្ហាអ្វីឡើយ គឺក្រសួងព័ត៌មាននឹងចាត់វិធានការដើម្បីឆ្លើយតបតាមសភាពការណ៍ជាក់ស្តែង។
ជាការកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះក្រសួងព័ត៌មាន បានចាត់វិធានការជាបន្តបន្ទាប់លើស្ថាប័នព័ត៌មានដែលបំពានដល់វិជ្ជាជីវៈ។ជាក់ស្តែង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធក៏បានសម្រេចលុបអាជ្ញាបណ្ណគេហទំព័ររបស់ លោក ព្រំ សាន និងសមាគមអ្នកសារព័ត៌មានហ្វេសប៊ុកកម្ពុជា និងផេកព័ត៌មានរបស់លោកផែង វណ្ណៈ។
ការសម្រេចលុបចោលនេះ ក៏ដោយសារក្រសួងព័ត៌មានបានចាត់ទុកថា គេហទំព័រនេះ បានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កភាពច្របូកច្របល់ និងចលាចល នៅក្នុងសង្គម ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕

