ព្រះសីហនុ៖សមត្ថកិច្ចអាជ្ញាធរក្រុងព្រះសីហនុ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ខៀវ ប៊ុនធឿន មុខរបជាជាងជួសជុលម៉ូតូ និងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់។ការចាប់ខ្លួននេះ ក្រោយពីបុរសរូបនេះ បានប្រើដាវសាំម៉ូរ៉ៃគំរាមកាប់សម្លាប់ក្រុមការងារចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ កាលពីថ្ងៃ២២ ខែមីនា ២០២១។
រដ្ឋបាលខេត្តព្រះសីហនុ បានពន្យល់ថា ក្នុងពេលអាជ្ញាធរក្រុងចុះណែនាំកុំឲ្យយកចិញ្ចើមផ្លូវសាធារណៈធ្វើជាតូបស្នាក់នៅ និងប្រកបអាជីវកម្ម បុរសម្នាក់នេះបានជេរប្រមាថ និងប្រើកាំដាវ គំរាមដោយហិង្សាមកលើសមត្ថកិច្ច។រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចដាក់ពាក្យប្តឹងបុរសម្នាក់នេះពី បទជេរប្រមាថ និងបទប្រឆាំងអ្នករាជការសាធារណៈទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់។
បច្ចុប្បន្នបុរសរូបនេះ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង ដើម្បីរៀបចំនិតិវិធីបញ្ជូនទៅតុលាការ។សម្រាប់រដ្ឋបាលខេត្ត ករណីនេះជាការអនុវត្តន៍វិធានការច្បាប់ មិនមែនធ្វើបាបពលរដ្ឋទេ និងស្នើសុំឲ្យពលរដ្ឋចូលរួមសហការជាមួយរដ្ឋបាលក្រុង ក្នុងការរក្សាសោភណ្ឌភាពសណ្តាប់ធ្នាប់ទូទៅបន្តទៀត៕