ព្រះសីហនុ៖ មនុស្សចំនួន៤នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងករណីលង់ទឹក នៅឆ្នេរជំទាវម៉ៅ ស្ថិតនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈម្នាក់កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ។អាជ្ញាធរខេត្តព្រះសីហនុ បានចាត់ទុកករណីនេះ ជាឧបទ្ទវហេតុដែលមិនគួរកើតមាននោះទេ។
យោងតាមរបាយការណ៍ចុះក្រោយរបស់រដ្ឋបាលខេត្តព្រះសីហនុ ប្រតិបត្តិការនៃការជួយសង្រ្គោះជនរងគ្រោះដោយករណីលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ បានបិទបញ្ចប់បន្ទាប់ពីជនរងគ្រោះចុងក្រោយត្រូវបានក្រុមជួយសង្រ្គោះបានរកឃើញនៅវេលាម៉ោង០១ និង០០នាទី រំលងអាធ្រាត ចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។
ជនរងគ្រោះមានគ្នាចំនួន០៥នាក់ មានទីលំនៅក្នុងខេត្តព្រះសីហនុ បានស្លាប់ចំនួន៤នាក់ និងសង្គ្រោះបានម្នាក់មានឈ្មោះ ឡេង សុខជា ភេទប្រុស អាយុ១០ឆ្នាំ។
មុនកើតហេតុ ជនរងគ្រោះទាំង០៥នាក់ បានចុះលេងទឹកសមុទ្រនៅ កន្លែងកើតហេតុខាងលើ ក្នុងខណៈពេលនោះ ឈ្មោះ ឡេង ដាវ បានលង់ទឹក បន្ទាប់មកបងប្អូនទាំង០៤នាក់ដែលកំពុងលេងទឹកជាមួយបាននាំគ្នាទៅជួយ ទើបបណ្តាលឱ្យទឹករលកបោកទាញយកទៅតាមទឹកបាត់អស់។ក្នុងនោះឈ្មោះ ឡេង សុខជា ពាក់ពោងរូបក្ងាន ត្រូវបានជួយសង្រ្គោះទាន់ពេល។ ចំណែកឯឈ្មោះ ឡេង ឌៀប ក៏ត្រូវបានជួយបានភ្លាមៗដែរ តែបានស្លាប់ក្រោយពី ស្រង់យកមកលើគោក។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ កន្លងមក ក៏មានករណីក្មេងស្រីអាយុ១១ឆ្នាំម្នាក់ ដែលចុះលេងទឹកសមុទ្រហើយបានលង់ទឹក ក្នុងនោះបានត្រូវបានក្រុមឆ្មាំសមុទ្រជួយសង្រ្គោះទាន់ពេលវេលា។ ដោយឡែកករណីខាងលើ រដ្ឋបាលខេត្តព្រះសីហនុ ចាត់ទុកថា គឺជាឧបទ្ទវហេតុដែលមិនគួរកើតមាន និង ចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកំសាន្តនៅតាមរមណីយដ្ឋាននានានៅខេត្តព្រះសីហនុ ជាពិសេសនៅតាមតំបន់ឆ្នេរសមុទ្រ ត្រូវអនុវត្តតាមការណែនាំ និងវិធានការសុវត្ថិភាព របស់មន្ត្រីទេសចរណ៍ និងមន្ត្រីនគរបាលទេសចរណ៍ ដោយត្រូវបង្កើនការប្រុងប្រយ័ត្ន ជាពិសេសមិនត្រូវបណ្តោយកូនតូចៗចុះលេងទឹកជ្រៅ ឬក្នុងស្ថានភាពដែលមានរលកធំៗបោកបក់នោះទេ ដើម្បីបញ្ចៀសបាននូវគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕