Cctimesw1140xh150cm copy

ចាប់ខ្លួនមនុស្ស០៦នាក់ ទិញលក់ប័ណ្ណចាក់វ៉ាក់សាំងខុសច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
អាជ្ញាធរធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ ពាក់ព័ន្ធនិងករណីទិញលក់ប័ណ្ណចាក់វ៉ាក់សាំង។ រូបភាព លោក ឃៀង ភារម្យ

ព្រះសីហនុ៖  អាជ្ញាធរខេត្តព្រះសីហនុ បានចាប់ខ្លួនមនុស្ស០៦នាក់ ពាក់ព័ន្ធនិងករណីទិញលក់ប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

មនុស្សចំនួន០៦នាក់ ដែលពាក់ព័ន្ធនឹងសកម្មភាពទិញលក់ប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានចាប់ខ្លួនយកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។

ការចាប់ខ្លួននេះ គឺធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ។ 

សូមជម្រាបជូនថា វ៉ាក់សាំងដែលរាជរដ្ឋាភិបាលផ្តល់មកដើម្បីចាក់ជូន ប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបរទេសដែលកំពុងបំពេញការងារនៅខេត្តព្រះសីហនុ គឺដោយគ្មានការគិតថ្លៃ។ 

ដោយឡែកចំពោះប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានអាជ្ញាធរចុះចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន ដោយមិនគិតថ្លៃដូចគ្នា។

ដូច្នេះសកម្មភាពនៃការលក់ដូរ ប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមឱកាសនិយមទាំងនេះ គឺជាទង្វើខុសច្បាប់ ដែលត្រូវចាត់ការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់ដោយគ្មានការលើកលែងឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង