Cctimesw1140xh150cm copy

ខេត្តក្រចេះ ឱ្យពលរដ្ឋដែលទៅសម្ភពព្រាបស និងអ្នកពាក់ព័ន្ធទាំងអស់តេស្តរកកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សកម្មភាពក្រុមគ្រូពេទ្យយកសំណាកអ្នកសំរាកព្យាបាល និងបុគ្គលិកនៅព្រាបស (រូបភាព រដ្ឋបាលខេត្តក្រចេះ) 

ភ្នំពេញ៖ អាជ្ញាធរនៃខេត្តក្រចេះ សំណូមពរដល់ពលរដ្ឋដែលធ្លាប់បានទៅមន្ទីរព្យាបាល និងសម្ភពព្រាបស និងបានជួបប្រាស្រ័យទាក់ទងនិងលោក វ៉ាន់ ណាក្រូ ពិសេសអ្នករស់នៅសង្កាត់អូរឬស្សី និងសង្កាត់ក្រចេះ ក្រុងក្រចេះ ទៅតេស្តរកកូវីដ១៩ និងតាមដានសុខភាពខ្លួនជាបន្ទាន់ ខណៈបុរសរូបនេះមានវិជ្ជមានកូវីដ១៩ និងបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះកាលពីថ្ងៃទី២១ មីនា ឆ្នាំ២០២១។

យោងតាមរដ្ឋបាលខេត្តក្រចេះ បានឱ្យដឹងថាអ្នកដែលបានជួប ឬជាប់ពាក់ព័ន្ធនិងលោក វ៉ាន់ ណាក្រូ ទាំងអស់ រួមទាំងបុគ្គលិកធ្វើការក្នុងមន្ទីរព្យាបាល និងសម្ភពព្រាបស ចាប់ពីថ្ងៃទី២២ មីនា ធ្វើចត្តាឡីស័ក និងតាមដានសុខភាព និងតេស្តរកកូវីដ១៩ ខណៈបុគ្គលរូបនេះ បានចល័តទៅច្រើនទីតាំង និងបានពិនិត្យឃើញថាមានវិជ្ជមានកូវីដ១៩។ 

ទាក់ទិញនិងបញ្ហានេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអំពាវនាវជាបន្ទាន់មួយទៅកាន់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ដែលបានជួបផ្ទាល់ ឬប្រយោលជាមួយលោកវរសេនីយ៍ឯក វ៉ាន់ ណាក្រូ ក៏ដូចជាអ្នកបានចូលពិនិត្យ និងព្យាបាលជំងឺនៅព្រាបស ចាប់ពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពរបស់ខ្លួន។ ក្នុងករណីលេចចេញរោគសញ្ញាក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម ប្រញាប់មកយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរកមេរោគកូវីដ១៩។

ការស្នើរសុឱ្យអ្នកពាក់ព័ន្ធទាំងឡាយទៅតេស្តកូវីដ១៩ ក៏ដោយសារតែលោកវរសេនីយ៍ឯក វ៉ាន់ ណាក្រូ ដែលទើបរកឃើញកើតជំងឺកូវីដ១៩នោះ កាលពីថ្ងៃទី២១ និង២២ ខែមីនា ឆ្នាំ២០២១ បានធ្វើដំណើរទៅកាន់ខេត្តក្រចេះទៅលេងក្រុមគ្រួសារ។ ដោយមានអាការៈមិនស្រួល រូបលោកបានចូលពិនិត្យជំងឺនៅមន្ទីរសម្រាកព្យាបាល និងសម្ភពព្រាបស រួចបន្តទៅព្យាបាលនៅខេត្តកំពង់ចាមទៀត ទើបក្រុមគ្រូពេទ្យខេត្តកំពង់ចាមតេស្តរកកូវីដទើបដឹងថាលោកវិជ្ជមាននៅថ្ងៃទី២៤ មីនា ឆ្នាំ២០២១។ 

ខណៈពេលនេះដែរអាជ្ញាធរ បានសម្រេចបិទមន្ទីរសម្រាកព្យាបាល និងសម្ភពព្រាពស ហើយបានចាត់ចែងធ្វើចត្តាឡីស័កក្រុមគ្រូពេទ្យ និងអ្នកជំងឺនៅមន្ទីរសម្រាកព្យាបាលនេះផងដែរ។ 

សូមជម្រាបជូនថា គិតត្រឹមព្រឹកថ្ងៃទី២៥ មីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ១៩​ចំនួន០៧នាក់ហើយ ចំណែកអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៨៧២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៥៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៨០៩នាក់៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ១៩ ក្រចេះ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង