ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានពាក់ព័ន្ធ និងធ្លាប់ទៅហាងលក់សៀវភៅ«Monument Books»សាខាផ្សារទំនើបអ៊ីអន១ (AEON 1) ឬធ្លាប់ពាក់ព័ន្ធនឹងអ្នកនៅហាងខាងលើនេះ គិតចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ម៉ោង៣និង៣០នាទីរសៀល តទៅ ព្រោះជាទីតាំងដែលបានអាជ្ញាធររកឃើញមានករណីវិជ្ជមានកូវីដ-១៩
ហេតុដូច្នេះ នៅក្នុងសេចក្ដីជូនដំណឹងដែលកើតមាននៅទីតាំងខាងលើ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទិញ ឬធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅហាងសៀវភៅ Monument Books សាខាផ្សារទំនើបអ៊ីអន១ (AEON 1) គិតចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ម៉ោង៣និង៣០នាទីរសៀល តទៅ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដែលមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន និងពាក់ម៉ាសជាប្រចាំ ហើយសម្រាប់ពត៌មានបន្ថែមសូមទាក់ទងលេខ១១៥៕
