ភ្នំពេញ៖ ការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺជាវិធានការមួយនៃវិធានការសុខាភិបាលដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ដោយមិនទាន់គិតអំពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត បុគ្គលណាដែលបានរារាំងតាមគ្រប់មធ្យោបាយក្នុងចេតនាមិនឱ្យបុគ្គលដទៃទៅទទួលការចាក់វ៉ាក់សាំង គឺជាអំពេីល្មេីសច្បាប់ដែលកំណត់។នេះបើយោងតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា។
ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌មានថ្លែងថា រារាំងគេមិនឱ្យទៅចាក់វ៉ាក់សាំង តាមច្បាប់ជាបទល្មើស "រារាំងដល់ការអនុវត្តវិធានការ" តាមប្បញ្ញត្តិក្នុងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០(ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
អ្នកនាំពាក្យរូបនេះ បានអំពាវនាវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បើពុំនោះទេអ្នកនឹងទទួលបានការអនុវត្តច្បាប់ពីអាជ្ញាធរមានសមត្ថកិច្ចជាក់ជាពុំខាន៕