
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានសម្រេចឲ្យមន្ដ្រីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។ប៉ុន្តែការសម្រាកនេះ តែត្រូវអនុវត្តវិធានសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩។
យោងតាមសារាចរណែនាំរបស់សម្ដេច ហ៊ុន សែន មន្ដ្រីរាជការ កម្មករនិយោជិតទាំងអស់អាចឈប់សម្រាករយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ។ប៉ុន្តែប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តនូវវិធានការការពារកូវីដដោយអនុវត្តតាមគោលការណ៍មួយចំនួនមានជាអាទិ៍៖ ចៀសវាងនូវការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់ ឬចេញ-ចូលតំបន់ ឬទីកន្លែងដែលមានហានិភ័យខ្ពស់នៃការឆ្លងកូវីដ-១៩ដែលតំណត់ដោយក្រសួងសុខាភិបាលកម្ពុជា និងសមត្ថកិច្ច។
ចៀសវាងនូវការរៀបចំកម្មវិធីផ្សេងៗរួមទាំងពិធីសាសនាផង ឬការជួបជុំគ្នាទាំងឡាយណាដែលមានចំនួនមនុស្សច្រើនអ៊ូអរ និងត្រូវអនុវត្តវិធានការ«៣ ការពារ» និង«៣ កុំ» ព្រមទាំងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា។
គួរបញ្ជាក់ថា សម្ព័ន្ធសហជីពជាតិ ធ្លាប់បានដាក់ស្នើសុំឱ្យផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៤, ១៥, ១៦ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ។សម្រាប់សហជីពនៅក្នុងពិធីបុណ្យធំៗគឺជាឱកាសរបស់ជំងឺកូវីដ១៩ក្នុងការបង្កជាប្រភពនៃការចម្លងធ្ងន់ធ្ងរពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីសហគមទៅសហគមមួយផ្សេងទៀតស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំដោះស្រាយប្រើគ្រប់វិធាន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ
គិតត្រឹមម៉ោង១២កន្លះថ្ងៃត្រង់ ទី២១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៦៨០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៥០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៧២៥នាក់ ហើយករណីស្លាប់ ០៣នាក់៕


