ភ្នំពេញ៖រដ្ឋាភិបាលគ្រោងដាក់ដំណើរការមន្ទីរពេទ្យ«នគរទេព»សម្រាប់ព្យាបាលអ្នកជំងឺកូវីដនៅថ្ងៃទី២៨ មីនា ឆ្នាំ២០២១។មន្ទីរពេទ្យ«នគរទេព»មានផ្ទៃដីទំហំ១ហិកតា ៥០អា និងមានគ្រែប្រមាណចំនួន៥០០ សម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលក្រុងភ្នំពេញ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា រដ្ឋាភិបាលបានរៀបចំមន្ទីរពេទ្យ«នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។
បើតាមឯកឧត្តម ឃួង ស្រេង បានបន្តថា មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០គ្រែ ដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជា ផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែ និងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។ រដ្ឋាភិបាលគ្រោងដាក់ដំណើរការមន្ទីរពេទ្យ«នគរទេព»សម្រាប់ព្យាបាលអ្នកជំងឺកូវីដនៅថ្ងៃទី២៨ មីនា ឆ្នាំ២០២១។ប៉ុន្តែប្រសិនបើមានចំនួនអ្នកជំងឺកូវីដ-១៩ មានការកើនឡើងច្រើន នោះរដ្ឋាភិបាលនឹងសម្រេចដាក់ដំណើរមន្ទីរពេទ្យ«នគរទេព»មុនថ្ងៃទី២៨ មីនា។
ឯកឧត្តម ឃួង ស្រេង មន្ទីរពេទ្យ«នគរទេព»នេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ។
ជាការកត់សម្គាល់ ការត្រៀមមន្ទីរពេទ្យរបស់រដ្ឋាភិបាលកម្ពុជានេះ គឺធ្វើឡើងបន្ទាប់ពីចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាបន្តកើនឡើងជាបន្តបន្ទាប់។គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៥៧៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩១៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦៥៨នាក់ ហើយករណីស្លាប់ ០១នាក់៕



