
ភ្នំពេញ៖ វ៉ាក់សាំងចិន Sinovac ចំនួន១លាន៥សែនដូសនឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ។វ៉ាក់សាំងនេះជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជាពីក្រុមហ៊ុនចិន បន្ថែមលើជំនួយវ៉ាក់សាំង Sinorpharm ចំនួន១លានដូលដែលចិនផ្តល់ជំនួយមកកម្ពុជាកន្លងមក។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃសុក្រ នេះ បានចេញសារជាសំឡេង ទាក់ទងនឹងស្ថានភាពព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ក្នុងសារនោះ សម្តេច បានប្រកាសថា វ៉ាក់សាំងប្រភេទ Sinovac ចំនួន១,៥លានដូស ដែលរដ្ឋាភិបាលបានទិញពីមិត្តចិន នឹងមកដល់កម្ពុជា នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ។ក្រៅពីវ៉ាក់សាំងនេះ ក៏សល់ជំនួយវ៉ាក់សាំង Sinopharm របស់មិត្តចិនចំនួន៤០ម៉ឺនដូសទៀត ដែលសង្ឃឹមថា នឹងបានទទួលមុនចូលឆ្នាំខ្មែរនេះផងដែរ។
ប្រសាសន៍របស់សម្តេចនេះ ធ្វើឡើងក្នុងខួប១ខែដែលនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានអ្នកឆ្លងជាង១០០០នាក់ទៅហើយ ច្រើនជាងការឆ្លងនៅក្នុងឆ្នាំ២០២០។ សម្តេចនៅតែបង្ហាញពីក្តីកង្វល់ចំពោះការបន្តរាលដាននៅរាជធានីភ្នំពេញ និងផ្នែកខ្លះនៅខេត្តកណ្តាល រីឯស្ថានភាពនៅកោះកុង និងព្រៃវែង ក៏មិនទាន់ធូរស្បើយនោះដែរ ខណៈខេត្តព្រះសីហនុហាក់ដូចជាគ្រប់គ្រងបាន៕