
តាកែវ៖ យ៉ាងហោចណាស់មានភូមិចំនួន៥ក្នុងស្រុកសំរោង ខេត្តតាកែវមានជាប់ពាក់ព័ន្ធកូវីដ-១៩។ នេះបើយោងតាមរបាយការណ៍រដ្ឋបាលស្រុកសំរោង ចេញផ្សាយនៅរសៀលថ្ងៃទី ១៥ មីនា ឆ្នាំ២០២១។ ក្នុងនោះមានភូមិដែលប៉ះពាល់ដូចជា ភូមិក្រាំងលាវ ភូមិត្រពាំងឈូក ភូមិត្រពាំងវែង ភូមិត្រពាំងទ្រា ភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
របាយការណ៍ដដែលបានបញ្ជាក់ថា អ្នកប៉ះពាល់ដោយផ្ទាល់សរុបមានចំនួន២៥នាក់ ក្នុងនោះមានស្រុកសំរោងមាន១២នាក់ ស្រុកបាទីមាន ១២នាក់ ស្រុកត្រាំកក់មាន ១នាក់ និងអ្នកប៉ះពាល់ប្រយោលចំនួន ៣៥៥នាក់។ ចំណែកភូមិដែលរៀបចំអាពាហ៍ពិពាហ៍ត្រូវបានរកឃើញថាពាក់ព័ន្ធនឹងកូវីដ១៩ គឺភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មានប្រជាពលរដ្ឋរស់នៅ ចំនួន២០២ គ្រួសារ ប្រជាពលរដ្ឋសរុប ៨៩៥នាក់។
បើតាមលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងតែសាកសួរ និងយកសំណាកជាបណ្តើរៗ។ ចំពោះអ្នកដែលជាប់ពាក់ព័ន្ធកូវីដ១៩ដោយផ្ទាល់និងប្រយោលក្រុមការងារបានដាក់នៅដោយឡែកក្នុងផ្ទះ ហ៊ុមព័ទ្ធខ្សែ។ ក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធកូវីដ១៩ដោយផ្ទាល់ មិនទាន់មានអ្នកចេញនូវរោគសញ្ញា។
សូមបញ្ជាក់ថា លោក កក្កដា សោភ័ណ្ឌ កាលពីនៅថ្ងៃទី ១៤ មីនានេះ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ខណៈកាលពីថ្ងៃទី ១២ មីនា លោកធ្លាប់ចូលរួមមង្គលការមិត្តភក្តិនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
យោងតាមរយៈបណ្តាលសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនលោក កក្កដា សោភ័ណ្ឌ បានអះអាងថា លោកបានទទួលលទ្ធផលពីគ្រូពេទ្យថា លោក Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន។ ឥឡូវនេះ លោកធ្វើតាមការណែនាំរបស់គ្រូពេទ្យ និងពង្រឹងស្មារតីអោយបានល្អរងចាំការព្យាបាល៕

