ភ្នំពេញ៖អ្នកជំងឺកូវីដ-១៩ម្នាក់ធ្លាប់មានប្រវត្តិមកផ្ញើទំនិញនៅសាខាកាពីតូលអូឡាំពិក ហើយបច្ចុប្បន្នក្រុមហ៊ុនកាពីតូលបានសហការជាមួយមន្រ្តីសុខាភិបាល ក្នុងការធ្វើតេស្តសំណាកភ្លាមៗដល់បុគ្គលិក។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេចក្ដីជូនដំណឹងពីក្រុមហ៊ុនកាពីតូល នៅថ្ងៃទី ១៤ មីនានេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុនកាពីតូល បានអះអាងថា បន្ទាប់ពីមានអតិថិជនម្នាក់មានវិជ្ជមានកូវីដ-១៩ ធ្លាប់មានប្រវត្តិមកផ្ញើទំនិញនៅសាខាកាពីតូលអូឡាំពិក ក្រុមហ៊ុនបានសហការជាមួយមន្រ្តីសុខាភិបាល ក្នុងការធ្វើតេស្តសំណាកភ្លាមៗដល់បុគ្គលិកដោយលទ្ធផលតេស្តមេរោគកូវីដ-១៩ លើកទី១ លើសំណាករបស់បុគ្គលិកទាំងអស់នៃក្រុមហ៊ុនកាពីតូលសាខាអូឡាំពិក គឺ "អវិជ្ជមាន"។
បើតាមក្រុមហ៊ុនកាពីតូល ចំពោះបុគ្គលិកពាក់ព័ន្ធដែលបម្រើការនៅកាពីតូលសាខាអូឡាំពិក ត្រូវបានអនុញ្ញាតឱ្យសម្រាកដើម្បីធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងត្រៀមធ្វើតេស្តសំណាកជាលើកទី២។ចំណែកសាខាកាពីតូលទាំងអស់រួមទាំងសាខាកាពីតូលអូឡាំពិក នៅបើកដំណើរការជាធម្មតា ដោយពង្រឹងជាចម្បងលើការផ្តល់សេវាកម្មដឹកជញ្ជូនដ៏ល្អបំផុតប្រកបដោយសុវត្ថិភាព ផាសុកភាព តម្លៃសមរម្យ និងរហ័សទាន់ចិត្តជូនលោកអ្នកជារៀងរាល់ថ្ងៃ៕
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៣០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦៤៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦៥៦នាក់៕