ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ មីនានេះ បានប្រកាសចាប់ផ្តើមវិស្សមកាលតូច និងឈប់សម្រាមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាគម្រប់កម្រិត គ្រប់ប្រភេទទាំងសាធារណៈ និងឯកជន នៅទូទាំងប្រទេសកម្ពុជា។នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
យោងតាមសេចក្តីណែនាំក្រសួងបានចាត់វិធានការឲ្យគ្រឹះស្ថានចំណេះដឹងទូទៅ(បឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ) និងមត្តេយ្យសិក្សាគ្រប់កម្រិតគ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន ឲ្យចាប់អនុវត្តវិស្សមកាលតូចមុនកំណត់ ចាប់ពីថ្ងៃទទួលសេចក្តីណែនាំនេះ រហូតដល់មានការជូនដំណឹងសារជាថ្មី។សម្រាប់គ្រឹះស្ថានដែលមិនទាន់បានបញ្ចប់ការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សក្នុងឆមាសទី១ ក្រសួងតម្រូវឲ្យយកលទ្ធផលសិក្សាជាមធ្យមភាគ នៃពិន្ទុប្រចាំខែ ចាប់បីខែ ធ្នូ ឆ្នាំ២០១៩ រហូតដល់ខែ កុម្ភៈ ឆ្នាំ២០២០ ជាមធ្យមភាគប្រចាំឆមាសទី១។
ចំពោះគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងគ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈនិងឯកជនត្រូវបានអនុញ្ញាតឲ្យគរុសិស្ស គរុនិស្សិតឈប់សម្រាកចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានការចូនដំណឹងសារជាថ្មី។ ត្រូវប្រមូលព័ត៌មាននូវរាល់ការធ្វើដំណើរ កម្មវិធីទស្សនកិច្ច កម្មសិក្សារបស់គរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំ ទៅកាន់ប្រទេសដែលមានផ្ទុះករណីជំងឺកូវីដ១៩ ក្នុងកំឡុងរយៈពេល១៤ថ្ងៃ មុនថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
ករណីដែលគរុសិស្ស គរុនិស្សិ និស្សិត និងបុគ្គលិកសិក្សាដែលមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសទាំងនេះ ហើយមានការសង្ស័យចំពោះស្ថានភាពសុខភាពផ្ទាល់ខ្លួន ឬមានរោគសញ្ញាស្រដៀងនឹងជំងឺនេះ ត្រូវទូរស័ព្ទជាបន្ទាន់ទៅលេខ១១៥ ដើម្បីពិគ្រោះយោបល់ និងផ្តល់ព័ត៌មានមកកាន់ជនបង្គោលរបស់គ្រឹះស្ថានសិក្សា ដើម្បីរាយការណ៍មកក្រសួងអប់រំ យុវជន និងកីឡា។
មួយវិញទៀត មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត ចាត់តាំង ក្រុមការងារទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ដើម្បីតាមដាន និងរាយការណ៍ហេតុការណ៍ ដែលអាចកើតមានឡើងចំពោះបុគ្គលិកអប់រំ យុវជន និងកីឡារៀងរាល់ថ្ងៃ តាមប្រព័ន្ទទំនាក់ទំនងដែលមានស្រាប់ ក្នុងករណីមានករាសង្ស័យណាមួយ។
ក្នុងកំឡុងវិស្សមកាលតូច មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូបត្រូវជំរុញឲ្យកូនចៅធ្វើស្វ័យសិក្សានៅតាមផ្ទះ និងត្រូវមើលថែកូនចៅ និងចៀសវាងទៅកន្លែងមួយចំនួន ដែលប្រឈមនឹងការឆ្លងវីរុសខ្ពស់ ដូចជា សួនកុមារ កន្លែងហាត់ប្រាណ និងកន្លែងសាធារណៈមួយចំនួនទៀត។ ជាចុងក្រោយក្រសួងក៏បានឲ្យអនុវត្តការសម្អាតតាមបរិវេណគ្រឹះស្ថានសិក្សា។
គួរបញ្ជាក់ថា ការប្រកាសរបស់ក្រសួងអប់រំនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីកម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន៤នាក់ទៀត នៅលើខ្លួនជនជាតិខ្មែរឥស្លាមចំនួន២នាក់ បុរសជនជាតិខ្មែរមកពីប្រទេសបារាំង១នាក់ និងកូនជនជាតិបារាំងអាយុ ៣៥ឆ្នាំនោះចំនួន ១នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងនៅក្នុងប្រទេសកម្ពុជាបានកើនដល់ ១២ នាក់៕

