
ភ្នំពេញ៖ ជើងហោះហើរអន្តរជាតិចូលមកប្រទេសកម្ពុជាក្នុងមួយថ្ងៃមាន៣ទៅ៥ជើង។មូលហេតុនៃការធ្លាក់ចុះនៃជើងហោះហើរនេះ ក៏ព្រោះតែអ្នកដំណើរភាគច្រើនកាត់បន្ថយនូវការដំណើរដើម្បីទប់ស្កាត់និងការឆ្លងនូវរាលដាលនូវជំងឺកូវីដ១៩។
ឯកឧត្តម ជា អូន បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថានៅព្រឹកនេះថា សម្រាប់ជើងហោះហើរចូលមកប្រទេសកម្ពុជាមានការថយចុះ ដោយក្នុងមួយថ្ងៃមាន៣ទៅ៥ជើងហោះហើរគិតជាមធ្យមក្នុងរយៈពេលចុងក្រោយនេះ។លោកថាគិតត្រឹមដើមឆ្នាំ២០២១នេះមិនកើនឡើងការហោះហើរចូលមកក្នុងប្រទេសកម្ពុជាទេ។
បើតាមឯកឧត្តម ជា អូន ការមិនកើនឡើងនេះ គឺដោយសាររាល់ការជើងហោះហើរ មន្ត្រីខាងអាកាសចរស៊ីវិល បានធ្វើការរឹតបន្តឹងវិធានការ ចំពោះអ្នកដំណើរដែលបានចូលមកកម្ពុជាត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
ហើយក្នុងចំណោមជនបរទេសដែលចូលមកកម្ពុជាវិញ ក្នុងនោះមានជនជាតិចិនច្រើនជាងគេចេញចូលមកកម្ពុជាជាធម្មតា ដើម្បីមកទាក់ទងនឹងមុខរបរការងារ ក៏ដូចជាជនជាតិចិនផ្សេងទៀតដែលចាំបាច់ក្នុងការធ្វើដំណើរពេលចូលឆ្នាំចិនទៅលេងគ្រួសារ ហើយត្រូវមកធ្វើការនៅកម្ពុជាវិញ៕