Cctimesw1140xh150cm copy

កម្ពុជាត្រៀមបណ្តេញស្ត្រីជនជាតិចិនម្នាក់ចេញពីទឹកដី ក្រោយល្មើសចត្តាឡីស័ក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ស្ត្រីជនជាតិចិនដែលល្មើសចត្តាឡីស័ក

ភ្នំពេញ៖ស្ត្រីជនជាតិចិនម្នាក់ ត្រូវបានអាជ្ញាធរកម្ពុជាត្រៀមបណ្តេញចេញពីប្រទេសកម្ពុជា លែងឱ្យត្រឡប់មកវិញជារៀងរហូត ក្រោយនារីរូបនេះ ល្មើសពីការធ្វើចត្តាឡីស័កដោយបានគេចចេញពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ ដោយជិះរថយន្តតាក់ស៊ី និងបានសាងបន្តឱ្យជិះរថយន្តដឹកទំនិញ។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កាលពីវេលាម៉ោង១១ និង៥១នាទីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ មានករណីស្ត្រីជនជាតិចិនម្នាក់ បានគេចចេញពីខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ ដោយបានជិះរថយន្តតាក់ស៊ី និងបានសាងបន្តឱ្យជិះរថយន្តដឹកទំនិញម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3C-3259 ត្រូវបានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យគោលដៅព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួចបានធ្វើការឃាត់សួរនាំ និងបានបញ្ជូនស្ត្រីជនជាតិត្រឡប់មកគោលដៅដើមដើម្បីធ្វើចត្តាឡីស័កវិញ ដោយឡែកអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកពាក់ព័ន្ធ នឹងត្រូវអនុវត្តតាមវិធានការច្បាប់។

ជាវិធានការ គឺត្រូវអនុវត្តតាមអនុក្រឹត្យលេខ២៧ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៖

-ចំពោះស្ត្រីជនជាតិចិននេះ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់ អាជ្ញាធរមានសមត្ថកិច្ចនឹងរៀបចំនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា លែងឱ្យត្រឡប់ មកវិញជារៀងរហូត។

-ចំពោះអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកបើកបររថយន្តតាក់ស៊ី ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ៥០.០០០.០០០ (ហាសិបលាន)រៀល ចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញ ពីការត្រួតពិនិត្យរបស់មន្ត្រីចំត្តាឡីស័ក ឬគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក យោងតាមមាត្រា១១ នៃអនុក្រឹត្យខាងលើ។

រដ្ឋបាលខេត្តបាន ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​ ចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង