ភ្នំពេញ៖ជនជាតិចិនម្នាក់រស់នៅក្នុងប្រទេសកម្ពុជាអស់ជាច្រើនឆ្នាំ បានចេញសារដាស់តឿនមួយដល់ជនជាតិចិនមួយចំនួនក្នុងប្រទេសកម្ពុជាទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។សារដាស់តឿននេះ ធ្វើឡើងបន្ទាប់ពីបានមើលឃើញនូវទង្វើរមិនគប្បីរបស់ជនជាតិចិនមួយចំនួនតូចនៅកម្ពុជា មិនគោរពតាមវិធានការចត្តាឡីស័ករបស់កម្ពុជា រិះគន់វិស័យសុខាភិបាលនានាតាមរយៈបណ្តាញសង្គម WECHAT។សារជនជាតិចិនរូបនេះ ទទួលបានការគាំទ្រជាច្រើនពីជនជាតិចិនក្នុងបណ្តាញ WECHAT បាននាំគ្នាចែករំលែកគាំទ្រសាររបស់គាត់។ សូមអានសាររបស់ជនជាតិចិនរូបនេះដូចតទៅ៖
ទី១ ជាដំបូងអ្នកត្រូវស្គាល់ឱ្យច្បាស់ថា ទីនេះជាប្រទេសរបស់អ្នកដទៃ។អ្នកគឺជាមនុស្សដែលគ្មានអភ័យឯកសិទ្ធិការទូត ហើយគ្រាន់តែជាមនុស្សម្នាក់ដែលចាក់ចេញពីប្រទេសខ្លួនមកកាន់ទីនេះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
ទីនេះមិនមែនជាប្រទេសរបស់អ្នកទេ ហេតុអ្វីអ្នកមិនគោរពវិធានការចត្តាឡីស័ករបស់ប្រទេសគេ ទោះបីជានៅក្នុងប្រទេសចិនអ្នកមិនអាចសុខស្រួលបានដែរ បើសិនជាអ្នកល្មើសវិធានការចត្តាឡីស័កដូចនេះ។ចុះហេតុអ្វី អ្នកចេះតែរិះគន់មិនឈប់ ធ្វើឬកពារក្រអឺតក្រទម។បើសិនចង់ធ្វើដូច្នេះ សូមត្រលប់ទៅកាន់មាតុប្រទេសរបស់អ្នកវិញចុះ។ តើអាជ្ញាធរក្នុងស្រុកចិននឹងធ្វើល្អដាក់អ្នកដែរឬទេ?
អ្នកនៅទីនេះ គឺស្ថិតក្រោមជម្រករបស់ប្រទេសគេទេ បើម្ចាស់ផ្ទះស្វាគមន៍អ្នកហើយ អ្នកចង់ស្នាក់នៅទីនេះក៏ស្នាក់នៅទៅ ប្រសិនបើម្ចាស់ផ្ទះមិនចូលចិត្តអ្នក អ្នកក៏គួរដឹងខ្លួនហើយចាកចេញទៅវិញចុះ តើនរណាអនុញ្ញាតអោយអ្នកមានភាពក្លាហាននៅក្នុងប្រទេសនេះ ចង់យកឈ្នះយកចាញ់ ជាមួយនឹងម្ចាស់ផ្ទះនោះ។
២- រោគរាតត្បាតនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺបានចាប់ផ្តើមចេញពីជនជាតិចិនមួយចំនួនតូចដែលជាអ្នកពូកែខាងខូច លួចរត់ មិនបានធ្វើចត្តាឡីស័ក។នេះហើយសបញ្ជាក់អោយឃើញថា ត្រីមួយស្អុយគឺស្អុយមួយកន្រ្តក ហើយត្រូវបាននាំទុក្ខដល់ប្រជាជនចិនជាច្រើន ដែលជាមនុស្សល្អរស់នៅក្នុងប្រទេសកម្ពុជា។
បើសិនជាព្រឹត្តិការណ៍នេះ កើតឡើងនៅក្នុងប្រទេសវៀតណាមវិញ ប្រហែលជាអាចកើតឡើងនូវការប្រឆាំងនឹងចិនហើយ។ ប្រសិនបើវាកើតឡើងនៅឥណ្ឌូណេស៊ីវិញ ការងើបឡើងប្រឆាំងនឹងជនជាតិចិនក៏ប្រហែលអាចកើតឡើងផងដែរ ។
តែសំណាងល្អហើយ គឺនៅក្នុងប្រទេសកម្ពុជា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានអំពាវនាវភ្លាមៗ មិនឱ្យរើសអើងប្រជាជនចិន។ទោះជាយ៉ាងណាក៏ដោយ ប្រជាជនកម្ពុជាជាច្រើននៅតែគិតថា រលកនៃការរីករាលដាលនេះ គឺបណ្តាលមកពីជនជាតិចិន គឺប្រជាជនចិនដែលរស់នៅក្នុងប្រទេសកម្ពុជាដែលជាប្រភពចម្លង។
៣- វិធានការចត្តាឡីស័កនៅក្នុងប្រទេសកម្ពុជា គឺមិនសូវជាតឹងរ៉ឹងដល់ប្រទេសចិនឡើយ។ បើនៅក្នុងប្រទេសចិនវិញ ទីក្រុងមួយអាចនឹងត្រូវបានបិទ ហើយអ្នកនៅក្នុងទីក្រុងទាំងមូលត្រូវនៅក្នុងផ្ទះមិនអនុញាតិអោយចេញក្រៅ និងប្រជាជនទាំងអស់ត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ តែក្នុងប្រទេសកម្ពុជាមិនសូវជាតឹងរឹងដូចប្រទេសចិនឡើយ។
៤. ចំពោះការមិនពេញចិត្តនឹងលក្ខខ័ណ្ឌស្នាក់នៅក្នុងកន្លែងចត្តាឡីស័ក សូមអ្នកគិតថានេះ គឺជាព្រឹត្តិការណ៍សុខភាពសារធារណៈដែលកើតឡើងភ្លាមៗមិនបានត្រៀមទុកជាមុន ទោះជាក្នុងប្រទេសណាក៏ដោយ ក៏មិនអាចទៅរួចដែរក្នុងការធ្វើអោយមានភាពល្អឥតខ្ចោះនោះ។កន្លែងចត្តាឡីស័ក គឺគ្រាន់តែជាកន្លែងសម្រាប់មើលស្ថានភាពសុខភាពប៉ុណ្ណោះ មិនមែនជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជម្ងឺ មានបន្ទប់ព្បាបាលត្រឹមត្រូវ មានបុគ្គលិកពេទ្យគ្រប់គ្រាន់នោះទេ។បើសិនជាកន្លែងស្នាក់នៅ និងអាហារ មិនអាចបំពេញតំរូវការរបស់អ្នកបាន សូមមានការអត់ធ្មត់ទទួលយកទៅ។
កាលពីឆ្នាំមុន មានជនជាតិចិនមួយចំនួនរស់នៅអឺរ៉ុប និងអាមេរិក បានត្រឡប់ទៅកាន់ប្រទេសចិនវិញ ដែលពួកគេគិតថា ខ្លួនឯងល្អជាង និងពូកែជាងអ្នកដទៃ ហើយនៅពេលដែលពួកគេស្ថិតក្នុងអំឡុងពេលចត្តាឡីស័កបានត្អូញត្អែរអំពីអាហារ និងការស្នាក់នៅមានភាពមិនល្អទាល់តែសោះក្នុងកន្លែងចត្តាឡីស័ករបស់ប្រទេសចិន ហើយថែមទាំងបង្ករឿងទៀតផង ទង្វើទាំងនេះត្រូវបានទូរទស្សន៍រដ្ឋចិន CCTV បានរិះគន់ថា៖ “នៅពេលប្រទេសជាតិកំពុងកសាងអ្នកនៅឯណា នៅពេលពិភពលោកផ្ទុះកូវីត អ្នកបែរជារត់ពីរាប់ពាន់គីឡូម៉ែត្រ យក់ជំងឺមករាល់ដាលនៅក្នុងប្រទេស” ហើយប្រជាជនចិនក្នុងស្រុករើសអើងខ្លាំងផងដែរ។
ហេតុដូចនេះ ហើយសូមជនជាតិចិនដែលរស់នៅក្នុងប្រទេសកម្ពុជា សូមមេត្តាបោះបង់ភាពក្រអឺតក្រទមឥតអៀនខ្មាស់ និងការគិតថាខ្លួនឯងល្អជាងគេរបស់ពួកអ្នក ដោយអនុវត្តន៍និងគោរពតាមវិធានការចត្តាឡីស័ករបស់អជ្ញាធររបស់ប្រទេសកម្ពុជា។
៥. សូមកុំជឿលើពាក្យចចាមអារាម សូមកុំផ្សព្វផ្សាយពាក្យចចាមអារាម រឿងរ៉ាវអ្វីគ្រប់យ៉ាងសុទ្ធតែមានចំណុចស្មុគស្មាញ សូមកុំមើលតែផ្នែកខាងក្រៅ សូមកុំប្រើសកម្មភាពច្រងេងច្រង៉ាង បង្កឱ្យប្រជាជនទូទៅនៃប្រទេសកម្ពុជាមានអារម្មណ៍ខឹងនិងមិនសប្បាយចិត្តជាមួយជនជាតិចិន។
បើសិនជាមានប្រជាជនកម្ពុជា ចាប់ផ្តើមប្រឆាំងប្រជាជនចិន នោះគ្រោះមហន្តរាយរបស់ប្រជាជនចិននៅកម្ពុជានឹងពិតជាអាចចាប់ផ្តើមហើយ៕