Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋមន្រ្តីកសិកម្ម៖កសិករសប្បាយចិត្តដោយឆ្នាំនេះស្រូវឡើងថ្លៃដល់១១៧០រៀល/គីឡូក្រាម

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា។

ភ្នំពេញ៖ កសិករភាគច្រើនសប្បាយចិត្ត ព្រោះតម្លៃស្រូវកម្ពុជានៅលើទីផ្សារឆ្នាំ២០២១នេះថ្លៃជាងរាល់ឆ្នាំ គឺពី៩៥០ ដល់ ១ ១៧០រៀល/គីឡូក្រាម។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្តីពីវឌ្ឍនភាពនៃការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យ បានឲ្យដឹងថា ការនាំចេញផលិតផលស្រូវពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល២ខែ៤ថ្ងៃ ដើមឆ្នាំ២០២១ នេះសម្រេចបានចំនួន ៧០៧ ៥៩៥ តោន ក្នុងនេះការនាំចេញស្រូវផ្លូវការមានចំនួន ៣៤៥ ៦០០ តោន។

គិតមកត្រឹមថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រសួងពាក់ព័ន្ធ និងប្រជាកសិករ បានធ្វើឲ្យសម្រេចលើការងារបង្កបង្កើនផលលើផ្ទៃដីស្រូវរដូវប្រាំងប្រមាណជា ៦៤២ ៤៨៣ ហ.ត ស្មើនឹង ១៣៩,៩១% លើផែនការចំនួន ៤៥៩ ២០០ ហ.ត បើទោះជាព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសស្ថិតនៅក្នុងអាងទន្លេមេគង្គ បានជួបបញ្ហាប្រឈមទៅនឹងកម្រិតកម្ពស់ទឺកទន្លេមេគង្គ នៅក្នុងរដូវវស្សាឆ្នាំ២០២០ កន្លងទៅ យ៉ាងណាក៏ដោយ ។

យោងតាមលទ្ធផលខាងលើ យើងបានពិនិត្យឃើញថា មានខេត្តចំនួន ៥ ក្នុងចំណោម ២៥ រាជធានី/ខេត្ត ដែលបានធ្វើឲ្យសម្រេចដាំដុះលើផ្ទៃដីស្រូវរដូវប្រាំងច្រើនជាងគេ ក្នុងនេះមាន៖ ១) ខេត្តព្រៃវែង សម្រេចបាន ១១១ ២៧៩ ហ.ត ២) ខេត្តតាកែវ សម្រេចបាន ១០៧ ៣៧៧ ហ.ត ៣) ខេត្តកំពង់ធំ សម្រេចបាន ៧៦ ៩៥៦ ហ.ត ៤) ខេត្តកណ្តាល សម្រេចបាន ៥៥ ០៤៧ ហ.ត និង ៥) ខេត្តបន្ទាយមានជ័យ សម្រេចបាន ៥០ ៥១១ ហ.ត ។

ទន្ទឹមនឹងប្រជាកសិករនៅតំបន់មួយចំនួនបាននឹងកំពុងបន្តសាបព្រោះ ក៏ការប្រមូលផលស្រូវរដូវប្រាំងនៅទូទាំងប្រទេស បាននិងកំពុងដំណើរការបន្តបន្ទាប់ផងដែរ គិតមកត្រឹមថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១ ប្រជាកសិករសម្រេចប្រមូលផលស្រូវរដូវប្រាំងបានចំនួនជាង ១,៤ លានតោន លើផ្ទៃដី ៣២៥ ៦១៣ ហ.ត ស្មើនឹង ៥០,៦៨% ដែលទទួលបានទិន្នផលជាមធ្យមប្រមាណ ៤,៤៣ តោន/ហ.ត ។ យោងតាមការព្យាករណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា៖ ការប្រមូលផលស្រូវរដូវប្រាំងឆ្នាំនេះ អាចមានចំនួនជាង ២,៦ លានតោន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង