ភ្នំពេញ៖ ក្រុមហ៊ុន Century 21 Allwin Realty ដែលជាសមាជិកមួយរបស់ Century 21 Cambodia ផ្តោតលើទីផ្សារវិនិយោគិនចិន បានសម្រេចចុះកិច្ចព្រមព្រៀងពង្រីកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាដើម្បីចាប់យកចំណែកទីផ្សារកាន់តែធំដោយជឿជាក់ថាស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជានឹងល្អប្រសើរឡើងនៅឆ្នាំនេះ។
លោក Gao Shan នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Allwin Realty បានប្រាប់បណ្តាញព័ត៌មានអចលនទ្រព្យ Z1 News ថាកម្ពុជាគឺជាទីតាំងសក្តានុពលសម្រាប់វិនិយោគិនចិនដាក់ទុនវិនិយោគដោយសារស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច និងអំណោយផលនៃទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ លោកបន្តថា ភាពងាយស្រួលនៃការធ្វើដំណើរដោយមានការតភ្ជាប់ជើងហោះហើរផ្ទាល់ពីកម្ពុជាទៅស្ទើរគ្រប់ទីក្រុងសំខាន់ៗនៃប្រទេសចិន ក៏ជាអំណោយផលយ៉ាងសំខាន់ ហើយកត្តានេះធ្វើឲ្យការធ្វើដំណើរតភ្ជាប់ប្រទេសទាំងពីរចំណាយត្រឹមចន្លោះពី ២ ម៉ោងទៅ ៥ ម៉ោងប៉ុណ្ណោះនៅពេលដែលស្ថានភាពជំងឺឆ្លងគ្រប់គ្រងបាន និងសុវត្ថិភាពត្រូវបានធានា។
.jpg?1614746167)
លោក Gao Shan ថ្លែងថា៖«វិនិយោគិនចិននៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនឹងបន្តកើនឡើងនាពេលខាងមុខ។ កន្លងមកវិនិយោគិនទាំងនោះតែងមានបញ្ហាប្រឈមទាក់ទងនឹងការរកទីតាំងវិនិយោគនិងការទិញដីសម្រាប់ធ្វើប្រតិបត្តិការអាជីវកម្ម»។ លោកបន្តថា ពេលនេះក្រុមហ៊ុន Century 21 Allwin Realty គឺជាសមាជិកមួយរបស់ក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនអចលនទ្រព្យមានបណ្តាញធំទូលាយនៅកម្ពុជា ហើយប្រតិបត្តិការក្រុមហ៊ុនលោកនឹងជួយសម្រួលដោះស្រាយបញ្ហាប្រឈមដែលវិនិយោគិនចិនធ្លាប់ជួបប្រទះកន្លងមក។
លោកបន្តថា៖«យើងជាសមាជិកក្រុមហ៊ុន Century 21 Cambodia ដែលមានក្រុមហ៊ុនរួមសម្ព័ន្ធជាប្រភេទក្រុមហ៊ុនថែរក្សាទ្រព្យសម្បតិ្តជំនួស (ក្រុមហ៊ុន Zillion Trust Plc) ហើយអាចឈរឈ្មោះជំនួសនិងអាចឲ្យវិនិយោគិនចិនទិញដីធ្វើអាជីវកម្មនៅកម្ពុជាដោយស្របច្បាប់។ កត្តានេះនឹងជួយដោះស្រាយបញ្ហាកង្វល់វិនិយោគិនចិន អ៊ីចឹងវិនិយោគិនទាំងនោះងាយស្រួលសម្រេចចិត្តទិញដីធ្វើអាជីវកម្មនៅកម្ពុជាដើម្បីធ្វើការអភិវឌ្ឍ»។
ការពង្រីកខ្លួនរបស់ក្រុមហ៊ុន Century 21 Allwin Realty នាពេលនេះក៏សមស្របតាមការលើកឡើងរបស់ ជំនាញក្នុងវិស័យអចលនទ្រព្យ ដែលបានអះអាងថាទីផ្សារក្នុងវិស័យនេះកំពុងមានសញ្ញាវិជ្ជមានឡើងវិញនៅដើមឆ្នាំ ២០២១ នេះបន្ទាប់ពីវត្តមានវ៉ាក់សាំងការពារជំងឺ Covid 19 ចាប់ផ្តើមមានហើយកំពុងចាក់ជូនក្រុមអទិភាពដែលជួយបង្កើនទំនុកចិត្តវិនិយោគិនជាពិសេសក្នុងចំណោមពាណិជ្ជករចិនដែលជាវិនិយោគិនសក្តានុពល។
.jpg?1614746218)
អ្នកស្រី ហ្គ្រែស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានឲ្យដឹងថា វិស័យអចលនទ្រព្យកម្ពុជា និងលំហូរវិនិយោគិនចិននៅកម្ពុជានឹងស្ទុះឡើងប្រកបដោយភាពវិជ្ជមាននៅឆ្នាំ ២០២១នេះ ដោយសារការរួមចំណែកនៃជំនួយវ៉ាកសាំង Covid 19 រហូតទៅដល់ ១ លានដូសពីរដ្ឋាភិបាលចិនមកកម្ពុជា។
អ្នកស្រីថ្លែងថា៖«ឆ្នាំ ២០២១ លំហូរវិនិយោគិនចិននៅកម្ពុជានឹងបង្កើន ហើយការពង្រីកខ្លួនរបស់ក្រុមហ៊ុន Century 21 Allwin Realty ដែលជាក្រុមហ៊ុនផ្តោតសំខាន់លើទីផ្សារចិននាពេលនេះ នឹងជួយឲ្យពាណិជ្ជករចិនវិនិយោគនៅកម្ពុជាសទទួលបានផលចំណេញ និងវិនិយោគដោយសុវត្ថិភាព»។
លោកស្រីបន្តថា៖«យើងមានក្រុមហ៊ុនរួមសម្ព័ន្ធជាក្រុមហ៊ុនថែរក្សាទ្រព្យសម្បតិ្តជំនួស (ក្រុមហ៊ុន Zillion Trust Plc) និងមានក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យមានសាខាគ្របដណ្តប់ ២៥ រាជធានីខេត្តដែលអាចបម្រើសេវាកម្មស្របច្បាប់ និងអាចទិញដីនៅខេត្តណាក៏បាន ហើយដីនោះជាដីស្របច្បាប់ ចំណេញដោយស្របច្បាប់ ហើយអាចកាត់ប្លង់បានដោយមិនមានបញ្ហា»។
គិតមកទល់ពេលនេះ ក្រុមហ៊ុន Century 21 Cambodia កំពុងដំណើរការដោយមានការិយាល័យ ២៣ នៅភ្នំពេញ និង ៣៨ សាខានៅគ្រប់បណ្តាខេត្តនៅកម្ពុជា ហើយមានភ្នាក់ងារអចលនទ្រព្យប្រកបដោយជំនាញ និងវិជ្ជាជីវៈសរុបដល់ទៅជិត ៧០០ នាក់៕
.jpg?1614746266)
.jpg?1614746284)