Yearendyearend1140x150

ស្ថានទូតចិន៖វ៉ាក់សាំងកូវីដ៤០ម៉ឺនដូសនឹងមកដល់កម្ពុជាឆាប់ៗនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជានៅថ្ងៃទី០១ ខែមីនានេះ បានឲ្យដឹងថា រដ្ឋាភិបាលចិននឹងផ្តល់ជំនួយឥតសំណងជំហានទី២ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ម៉ឺនដូសដល់កម្ពុជាក្នុងពេលឆាប់ៗនេះ។ រដ្ឋាភិបាលចិននឹងប្រើប្រាស់យន្តហោះយោធាដឹកជញ្ជូនវ៉ាក់សាំងមកប្រទេសកម្ពុជា។

តាមរយៈបណ្តាញសង្គមហ្វេកប៊ុកស្ថានទូតចិនបានអះអាងយ៉ាងដូច្នេះថា៖ «ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជា»។

ស្ថានទូតចិនប្រចាំនៅកម្ពុជាបានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការដឹកជញ្ជូនវ៉ាក់សាំងនឹង មកដល់កម្ពុជានៅពេលឆាប់ៗនេះ។ ក្រុមការងារកំពុងតែពិភាក្សាសម្របសម្រួលពាក់ព័ន្ធនឹងការងារដឹកជញ្ជូន។ រដ្ឋាភិបាលចិននឹងប្រើប្រាស់យន្តហោះយោធាដឹកជញ្ជូនមកប្រទេសកម្ពុជានាពេលឆាប់ៗនេះ។

សូមបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ចិន ស៊ីណូហ្វាម Sinopharm ចំនួន៦០ម៉ឺនដូសនៃចំនួនវ៉ាក់សាំងសរុប១លានដូស ដែលជាជំនួយរបស់ចិនផ្តល់ឲ្យកម្ពុជា បានមកដល់កម្ពុជាកាលពីថ្ងៃទី ៧កុម្ភៈ ឆ្នាំ២០២១។ ការដឹកជញ្ជូនវ៉ាក់សាំងប្រឆាំងកូវីដ១៩ចិនមកកាន់កម្ពុជាកាលនោះ ត្រូវបានដឹកដោយយន្តហោះពិសេសរបស់ប្រទេសចិន ហោះឆ្ពោះសំដៅមកកាន់ប្រទេសកម្ពុជា។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅទទួលវ៉ាក់សាំងចិនដោយភាពសប្បាយរីករាយ និងបានត្រៀមធ្វើសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីទទួលបានវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិនផងដែរ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង