
ខេត្តកណ្ដាល៖ ជនជាតិចិនចំនួន២០នាក់ដែលផ្ទុកជំងឺកូវីដ-១៩ ត្រូវបានក្រសួងសុខាភិបាលកម្ពុជាបញ្ជូនទៅស្នាក់នៅមន្ទីរពេទ្យជ័យជំនះ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះបង្ហាញថា ខេត្តកណ្ដាលជាខេត្តដំបូងដែលរដ្ឋាភិបាលជឿទុកចិត្តបានទៅលើសមត្ថភាព និងប្រសិទ្ធិភាពក្នុងការព្យាបាលជនជាតិចិនទាំងនោះ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី ២៤ កុម្ភៈ បានដឹកនាំមន្ត្រីជំនាញ ចុះទៅសំណេះសំណាល សួរសុខទុក្ខ និងសម្របសម្រួលដោះស្រាយនូវបញ្ហាមួយចំនួន ជាមួយជនជាតិចិនដែលមានផ្ទុកជំងឺកូវីដ-១៩ ចំនួន២០នាក់ ដែលត្រូវបានបញ្ជូនមកពីរាជធានីភ្នំពេញ ហើយកំពុងមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនជាតិចិនទាំង២០នាក់ ដែលកំពុងដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ជាអ្នកជំងឺដែលជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ថ្មី ២០កុម្ភៈ។ ក្នុងអំឡុងពេលព្យាបាលនៅទីនោះ ជនជាតិចិនក៏បានសំណូមពរដល់អាជ្ញាធរ និងគ្រូពេទ្យ នូវតម្រូវការមួយចំនួន ដែលពួកគេចង់បានដូចជា មានការផ្គត់ផ្គង់នូវអាហារូបត្ថម្ភគ្រប់គ្រាន់ មានជីវជាតិល្អៗ ទឹកអាល់កុល ជែលលាងដៃ ម៉ាស ថ្នាំពេទ្យ បង្គន់អនាម័យ មានការផ្គត់ផ្គង់ទឹក-ភ្លើងបានគ្រប់គ្រាន់ជាដើម។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រុមការងារខេត្តបានយកចិត្តទុកដាក់ពិនិត្យសុខភាព និងតាមដានជាប្រចាំ ពិសេសត្រូវយកសំណាក ដើម្បីធ្វើតេស្តផងដែរ។ ជាងនេះទៅទៀត អាជ្ញាធរក្រុងតាខ្មៅ បានរៀបចំនូវម្ហូបអាហារអោយបានសមរម្យ និងតម្រូវប្រចាំថ្ងៃសមស្រប រួមមាន ទាំងកង្ហារ ទូរទស្សន៍ ម៉ាស៊ីនទឹកត្រជាក់-ទឹកក្ដៅ នឹងទិញជូនថែមជាបន្តបន្ទាប់ មានគ្រូពេទ្យប្រចាំការ កាលវិភាគត្រួតពិនិត្យសុខភាពប្រចាំពេល ធ្វើយ៉ាងណាដើម្បីឱ្យពួកគាត់មានភាពកក់ក្ដៅ មានទំនុកចិត្ត និងសុវត្ថិភាពក្នុងការទទួលព្យាបាលរហូតដល់ជាសះស្បើយ។
ឯកឧត្តម គង់ សោភ័ណ្ឌ បានអះអាងថា កម្ពុជាមានស្មារតីចេះជួយយកអាសារគ្នាទៅវិញទៅមក ជាពិសេសគោលនយោបាយរបស់ក្រសួងសុខាភិបាល គឺកំណត់ឱ្យមានកិច្ចសហប្រត្តិការ ចេះស្រលាញ់មិត្តភក្ដិជាជនជាតិចិនក៏ដូចជាជនជាតិបរទេសផងដែរ ពោរពេញទៅដោយគុណធម៌ និងត្រូវបំពេញកាតព្វកិច្ចជាមន្ត្រី ឱ្យបានច្បាស់លាស់ ហើយទទួលព្យាបាលជំងឺផ្សេងៗ ដោយពេញចិត្ត មិនមានការរើសអើងនោះទេ។
ក្នុងនាមជាគណៈអភិបាលខេត្តកណ្ដាលទាំងមូល តំណាងឱ្យកងកម្លាំងទាំងឡាយ យល់ឃើញថា ដើម្បីឱ្យជនជាតិចិនទាំងនោះមានភាពកក់ក្ដៅ នៅមន្ទីរពេទ្យជ័យជំនះ ព្យាយាមផ្ដល់នូវកម្លាំងការពារឱ្យបានគ្រប់គ្រាន់ អនុវត្តតាមវិធានការក្រសួងបានខ្ជាប់ខ្ជួន គ្រប់គ្រងនូវស្ថានការណ៍មិនឱ្យអ្នកកំពុងធ្វើចត្តាឡីស័ក រត់គេចចេញបាននោះទេ ដោយរបៀបរៀបរយ និងមិនធ្វេសប្រហែសនោះឡើយ និងសូមសំណូមពរដល់អ្នកជំងឺទាំងឡាយ ត្រូវគោរពអនុវត្តតាមវិធានការការពារ និងបង្ការពីវីរុសកូវីដ១៩ឱ្យបានត្រឹមត្រូវ ហើយក៏មិនត្រូវរត់គេច និងជួយជនជាតិចិន ជួយព្យាបាលទាំងអស់ដោយក្ដីសង្ឃឹម។ បើសិនមានបញ្ហាអ្វី សូមរាយការណ៍ជូនមកអង្គភាព នោះបញ្ហានឹងត្រូវដោះស្រាយបានដោយសន្តិវិធី និងប្រសិទ្ធិភាព។
សូមបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលមន្ទីរពេទ្យជ័យជំនះ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ទទួលព្យាបាល ព្រោះកាលពីមុនមន្ទីរពេទ្យនេះ ទទួលយកតែមើលសំណាកកូវីដ១៩តែប៉ុណ្ណោះ តែដោយការទុកចិត្តពីរាជរដ្ឋាភិបាល បានប្រគល់តួនាទីក្នុងការព្យាបាលអ្នកជំងឺ ប្រកបដោយទំនួលខុសត្រូវ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចហ៊ុន សែន វិធានការ និងការបង្ការចេញដោយក្រសួងសុខាភិបាលកម្ពុជា តែងតែគោរពប្រតិបត្តិតាម មិនឱ្យថ្លោះធ្លោយនោះទេ។ ដូច្នេះហើយ បានជារដ្ឋាភិបាល និងក្រសួងសុខាភិបាល បានផ្ដល់កិត្តិយសឱ្យមន្ទីរពេទ្យខេត្ត ជាមោទនភាពរបស់ខេត្តកណ្ដាល ក្នុងការចែករំលែកជួយរំលែកទុកលំបាក៕



