Cctime 6monthsfree desktop
Cc times  web banner kh (2)

របាយការណ៍៖ក្រុង-ស្រុក៦នៅខេត្តព្រៃវែងបញ្ឈប់«ការបន្ទោរបង់»ពាសវាលពាសកាល

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ស្រុកបាភ្នំ ស្រុកកំចាយមារ ស្រុកស្វាយអន្ទរ ស្រុកមេសាង ស្រុកកំពង់ត្របែក និងក្រុងព្រៃវែង ជាស្រុកសម្រេចបានការបញ្ឍប់បន្ទោរបង់ពាសវាលពាសកាល (ODF)

 ប្រភព៖ អង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia)

ព្រៃវែង៖ អង្គការភ្លែនអន្តរជាតិកម្ពុជា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងដៃគូអភិវឌ្ឍន៍ បានប្រារព្ធពិធីប្រកាសទទួលស្គាល់ក្រុងមួយ និងស្រុកចំនួន៥ របស់ខេត្តព្រៃវែងដែលសម្រេចបានការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល(ODF)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia)។

ក្រុងដែលត្រូវបានទទួលស្គាល់ថាជាក្រុងបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល គឺក្រុងព្រៃវែង។ ហើយស្រុកទាំង៥ដែលត្រូវបានទទួលស្គាល់ជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលមានដូចជា៖ ស្រុកស្វាយអន្ទរ ស្រុកកំចាយមារ ស្រុកមេសាង ស្រុកបាភ្នំ និងស្រុកកំពង់ត្របែក។ ក្រុងព្រៃវែងមានចំនួនសរុប ៦.០៨៣ គ្រួសារនិងផ្ទះចំនួន ៥.២១៩ ហើយមានបង្គន់សរុបចំនួន ៥.០៥៦ និងមានបង្គន់រួមចំនួន ១៦៣។ នេះបានបង្ហាញថាទីក្រុងព្រៃវែងគឺជាទីក្រុងដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល១០០%។

លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា ខេត្តព្រៃវែងគឺជាខេត្តមួយក្នុងចំណោមខេត្តគោលដៅផ្សេងទៀតដែលមានចក្ខុវិស័យ ក្លាយជាខេត្តដែលបញ្ឈប់បន្ទោរបង់ពាលវាលពាសកាល (ODF) នៅឆ្នាំ២០២៣ ស្របតាមការប្តេជ្ញាចិត្តនៃផែនការសកម្មភាពជាតិនៃក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១៩-២០២៣។

នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជារូបនេះ បានបញ្ជាក់ថា អង្គការភ្លែនអន្តរជាតិកម្ពុជាត្រូវបានជ្រើសរើសជាភ្នាក់ងារប្រតិបត្តិ (EA) សម្រាប់កម្មវិធីនេះ ហើយសកម្មភាពនៃកម្មវិធីត្រូវបានអនុវត្តដោយអង្គការដៃគូអនុវត្តក្នុងស្រុក និងអន្តរជាតិ និងមន្ទីរអភិវឌ្ឍន៏ជនបទនានារបស់រាជរដ្ឋាភិបាល។ ហើយបច្ចុប្បន្ន អង្គការសង្កេតមើលឃើញថា មានសមិទ្ធិផលគួរឱ្យកត់សម្គាល់ជាច្រើននៅក្នុងខេត្តព្រៃវែង ក្នុងនោះមានប្រជាជន ១៩.២៥១ នាក់បានប្រើប្រាស់បង្គន់អនាម័យ ៥៨២ភូមិ ៦៣ឃុំ និង៥ស្រុក ក្នុងចំណោម ១៣ស្រុក បានប្រកាសពីការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល»។

ក្នុងឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទបានក្លាយជាអ្នកទទួលជំនួយឥតសំណងរយៈពេល៥ឆ្នាំ ពីមូលនិធិអនាម័យសកល (GSF) ក្នុងគោលបំណងបង្កើនការទទួលបានអនាម័យកាន់តែប្រសើរឡើង និងលើកកម្ពស់ការអនុវត្តអនាម័យត្រឹមត្រូវនៅតាមជនបទនៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនេះត្រូវបានធ្វើឡើងពីអ្នកពាក់ព័ន្ធជាច្រើន រួមមានម្ចាស់ជំនួយ ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ ដោយមានការប្តេជ្ញាចិត្តខ្ពស់ និងភាពជាអ្នកដឹកនាំ និងសកម្មភាពយ៉ាងសកម្មរបស់អាជ្ញាធរខេត្ត ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្រុក និងឃុំ។

សូមបញ្ជាក់ថា បន្ទាប់ពីជិត៩ឆ្នាំ កម្មវិធីលើកកម្ពស់អនាម័យជនបទ បានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ សម្រាប់អង្គការភ្លែនអន្តរជាតិកម្ពុជា ទោះបីជាកម្មវិធីលើកកម្ពស់អនាម័យជនបទ បានបញ្ចប់ក៏ដោយ ក៏យើងនឹងបន្តគាំទ្រដល់រដ្ឋាភិបាលដើម្បីលើកកម្ពស់បន្ថែមទៀតនូវស្ថានភាពទឹកស្អាត និងអនាម័យដល់សហគមន៍ជនបទនៅកម្ពុជា»។ សសរស្តម្ភមួយនៃយុទ្ធសាស្រ្តប្រទេសរយៈពេល០៥ឆ្នាំ ដែលចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២១ គឺកម្មវិធី ”ការចាប់ផ្តើមជាមួយសុខភាពល្អ” ដែលកម្មវិធីនេះរួមបញ្ចូលនៃកម្មវិធីទឹកស្អាតនិងអនាម័យ កម្មវិធីអាហារូបត្ថម្ភ និងកម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូច ជាមួយនឹងធនធានដែលគាំទ្រដល់រដ្ឋាភិបាលដើម្បីសម្រេចនូវគោលដៅយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការប្រើប្រាស់ជាសកលនូវទឹកស្អាត និងអនាម័យនៅឆ្នាំ២០៣០៕

ប្រភព៖ អង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia)
ប្រភព៖ អង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia)
ប្រភព៖ អង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia)
ប្រភព៖ អង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia)
ប្រភព៖ អង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia)


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង