Yearendyearend1140x150
Img 0571

ហ្វីលីពីនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការវិនិយោគឡើងវិញជាមួយកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ប្រទេសហ្វីលីពីនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើយ៉ាងណា ចាប់ផ្ដើមដំណើរការទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគឡើងវិញជាមួយប្រទេសកម្ពុជា បន្ទាប់ពីជំងឺកូវីត១៩មានសភាពធូរស្រាលនៅកម្ពុជា។ នេះបើតាមប្រសាសន៍របស់ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មីប្រចាំនៅកម្ពុជា នៅក្នុងឱកាសជំនួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងជំនួបនេះ លោកជំទាវ Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មីប្រចាំនៅកម្ពុជាបានជម្រាបជូនសម្តេចថា បេសកកម្មរបស់លោកជំទាវមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ចនិងវិស័យវិនិយោគ។

លោកជំទាវបានបន្តថា ការពង្រីកពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគនេះ គឺលោកជំទាវនឹងយកចិត្តទុកដាក់ទៅលើកិច្ចព្រមព្រៀងដែលមានស្រាប់ដែលបានចុះហត្ថលេខាហើយនោះ ហើយនឹងមានការពិនិត្យមើលលទ្ធភាព និងកិច្ចការផ្សេងៗទៀតដែលប្រទេសទាំងពីរមានរួមគ្នា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនូវអំណរអរគុណ និងអបអរសាទរជូនចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចក៏បានយល់ស្របជាមួយលោកនឹងជំទាវ និងបានសំដែងនូវការរីករាយចំពោះទំនាក់ទំនងកម្ពុជា និងហ្វីលីពីន ដែលមានការរីកចម្រើន ធំធាត់ជាលំដាប់រហូតដល់ពេលនេះ ។

សម្ដេចតេជោ បានមានប្រសាសន៍ថា ជាការពិតជំងឺកូវីដ១៩ វាពិតជាបានធ្វើឲ្យមានការផ្អាកនៃសកម្មភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មមួយចំនួនពិតមែន ប៉ុន្តែទោះជាយ៉ាងណាក៏នឹងមានការត្រៀមខ្លួនចាប់ផ្ដើមសកម្មភាពទាំងនោះឡើងវិញ ហើយនឹងមានការពិនិត្យមើលសកម្មភាព និងសក្តានុពលដទៃទៀតដែលមានជាពិសេសនៅក្នុងក្របខណ្ឌនៃ ខ័ណ្ឌអាស៊ានChina និង ASEM ផងដែរ។

ក្រៅពីនេះសម្តេចមានប្រសាសន៍ថា ហ្វីលីពីន អាចមកដាក់ទុនវិនិយោគនៅក្នុងកម្ពុជាយើងបាន តាមរយៈការដាក់ទុនលើផ្នែកម៉ាស៊ីនកិនស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ និងបង្កើតជាបណ្ដាញទិញស្រូវស្តុកទុក ដើម្បីនាំចេញទៅប្រទេសហ្វីលីពីន។ ក្នុងន័យនេះដែរ សម្ដេចតេជោបានមានប្រសាសន៍ផងដែរថា កម្ពុជាគប្បីណាពិនិត្យមើលសក្តានុពលណាដែលមាននៅក្នុងតំបន់ ជាជាងពិនិត្យមើលសក្តានុពលនៅទីឆ្ងាយៗ ពោលគឺធ្វើយ៉ាងណា អាចទាញយកសក្តានុពលនេះមកប្រើប្រាស់ ហើយបំពេញឲ្យគ្នាទៅវិញទៅមក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង