
ភ្នំពេញ៖ គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុនចំនួន ១៤៤គម្រោង។នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គម្រោងវិនិយោគ១៤៤គម្រោងរបស់ប្រទេសជប៉ុននេះ មានតម្លៃទុនវិនិយោគសរុបប្រមាណ ២,៧៩ប៊ីលានដុល្លារសហរដ្ឋអាមេរិក។ក្នុងនោះមានគម្រោងវិនិយោគចំនួន៦៦គម្រោង បានបោះទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលមានទុនវិនិយោគសរុបប្រមាណ៣៤០លានដុល្លារអាមេរិក។
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ក្រុមអ្នកធុរកិច្ចជប៉ុននៅកម្ពុជា។ឯកឧត្តម សុខ ចិន្តាសោភា បានចាត់ទុកគម្រោងវិនិយោគរបស់ប្រទេសជប៉ុននៅកម្ពុជានេះ ជាការបង្ហាញពីការប្តាជ្ញាចិត្តរបស់អ្នកវិនិយោគជប៉ុនចំពោះកម្ពុជា និងផ្តល់សេចក្តីទុកចិត្តរបស់រាជរដ្ឋភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន៕


