
កម្ពុជា៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ក្នុងឱកាសឈានចូលមកដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំឆ្លូវនេះ សម្ដេចបានចូលរួមអបអរតាមសារលិខិតជូនដល់ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ក៏ដូចជាបងប្អូនជនជាតិខ្មែរសែស្រឡាយចិននៅគ្រប់ទិសទីទាំងអស់គ្នា ដែលតែងតែបានរួមរស់រំលែកសុខ និងទុក្ខជាមួយគ្នានៅក្នុងប្រទេសអស់រយៈពេលជាយូរតាំងពីបុរាណកាលមក។
ក្នុងសារលិខិតដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន ដែលបានផ្ញើរសារជូនប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និង បងប្អូនចិន និងខ្មែរសែស្រឡាយចិនជាទីស្រឡាញ់រាប់អាន កាលពីឆ្នាំ០៥ កុម្ភៈ ឆ្នាំ២០២១កន្លងទៅថា សម្ដេចសូមអរគុណដល់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលបានរួបរួមសាមគ្គីបងប្អូនខ្មែរចិន ចូលរួមចំណែកថែរក្សាសុខសន្តិភាព និងកសាងប្រទេសកម្ពុជាបានរីកចំរើនយ៉ាងគាប់ប្រសើរ។
ទន្ទឹមនេះ សម្ដេចក៏សូមអរគុណដល់បងប្អូនចិន និងខ្មែរសែស្រឡាយចិននៅពិភពលោក ដែលបានមកបណ្ដាក់ទុនវិនិយោគ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា និងឧបត្ថម្ភចូលរួមជួយសង្រ្គោះប្រជាជនកម្ពុជានៅពេលជួបគ្រោះមហន្តរាយ។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ក៏សូមជូនពរបងប្អូនចិនដែលកំពុងរស់នៅប្រទេសកម្ពុជា បងប្អូនខ្មែរសែស្រឡាយចិន និងជនរួមជាតិខ្មែរទាំងអស់ ជួបតែសេចក្ដីសុខចម្រុងចម្រើន និងទទួលបានលាភសំណាងគ្រប់ៗគ្នា ក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ៕