Yearendyearend1140x150

ទូតចិន៖ កម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលទទួលវ៉ាក់សាំងពីចិន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា 

ភ្នំពេញ៖ វ៉ាក់សាំងប្រឆាំងកូវីដ១៩ចិន ស៊ីណាហ្វាម Sinopharm ចំនួន៦០ម៉ឺនដូសនៃចំនួនវ៉ាក់សាំងសរុប១លានដូស ដែលជាជំនួយរបស់ចិនផ្តល់ឲ្យកម្ពុជា បានមកដល់កម្ពុជានៅល្ងាចថ្ងៃអាទិត្យនេះ។ថ្លែងក្នុងសន្និសីទសារព័ត៌មានលោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងបង្ហាញពីក្តីសោមនស្សរីករាយជាទីក្រៃលែងដែលបានចូលរួមពិធីប្រគល់និងទទួលវ៉ាក់សាំងជំងឺកូវីដ-១៩ដែលជាអំណោយរបស់រដ្ឋាភិបាលចិនជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ហើយលោកបញ្ជាក់ថា "កម្ពុជាគឺស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ពីចិន"។

សូមអានប្រសាសន៍លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាដូចតទៅ៖

សូមគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព!

ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាជាទីមេត្រី!

ខ្ញុំពិតជាមានក្តីសោមនស្សរីករាយជាទីក្រៃលែងដែលបានចូលរួមពិធីប្រគល់និងទទួលវ៉ាក់សាំងជំងឺកូវីដ-១៩ដែលជាអំណោយរបស់រដ្ឋាភិបាលចិនជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា! ខ្ញុំក៏សូមបញ្ជាក់ជាពិសេសថា កម្ពុជាគឺស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ពីចិន។

ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺវីរុសកូវីដ-១៩មក រដ្ឋាភិបាលនៃប្រទេសទាំងពីរបានជួយគ្នាទៅវិញទៅមក ពុះពាររាល់ការលំបាកជាមួយគ្នា បានយកសកម្មភាពជាក់ស្តែងមកបង្ហាញពីអត្ថន័យនៃសុភាសិតខ្មែរមួយដែលតែងពោលថា ស្រឡាញ់គ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក។ យើងនៅតែចងចាំយ៉ាងច្បាស់ អំពីព្រះរាជសកម្មភាពដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលដែលព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាទ្រព្យនិងព្រះរាជអំណោយដ៏ឧដុង្គឧត្តមជូនដល់ភាគីចិនក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសមួយនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនជាបន្ទាន់ ហើយទទួលបានការកោតសរសើរពីប្រជាពលរដ្ឋចិនថា សម្តេចតេជោជាវីរបុរសសង្ហាធ្វើដំណើរបញ្ច្រាសទិស។ អ្នកជំនាញវេជ្ជសាស្រ្តចិនខិតខំជួយភាគីកម្ពុជាក្នុងការពង្រឹងសមត្ថភាពនៃការទប់ស្កាត់នឹងជំងឺវីរុស។ ប៉ុន្មានថ្ងៃមុននេះ ក្រុមវេជ្ជបណ្ឌិតនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំវគ្គបណ្ដុះបណ្ដាលនៃការចាក់វ៉ាក់សាំងកូវីដ-១៩ជូនដល់ភាគីកម្ពុជា។ ថ្ងៃនេះ អំណោយវ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបសស់ចិនដំបូងគេចំនួន ៦០ម៉ឺនដូសនឹងត្រូវបានប្រគល់ជូនភាគីកម្ពុជា ក្នុងនោះក៏រាប់បញ្ចូលទាំងវ៉ាក់សាំងមួយចំនួនរបស់កងទ័ពរំដោះប្រជាជនចិនជូនដល់កងយោធពលខេមរភូមិន្ទ នេះបានបង្ហាញឲ្យឃើញពីមនោសញ្ចេតនាដ៏ពិសេសនិងជ្រាលជ្រៅនៃប្រទេសនិងកងទ័ពទាំងពីរ។ សង្ឃឹមថា វ៉ាក់សាំងទាំងអស់នេះនឹងរួមចំណែកយ៉ាងសកម្មក្នុងការជួយប្រទេសកម្ពុជាទប់ស្កាត់ជំងឺវីរុសកូវីដ-១៩។

មិត្តភក្តិទាំងអស់គ្នាជាទីមេត្រី! ជំងឺវីរុសកូវីដ-១៩នៅតែបន្តរីករាលដាលយ៉ាងខ្លាំងក្លានៅលើពិភពលោក។ ការសាមគ្គីគ្នាក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុស នៅតែជាភារកិច្ចចម្បងសម្រាប់សហគមន៍អន្តរជាតិ។ ភាគីចិនតែងយកចិត្តទុកដាក់ខ្ពស់លើកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩។ ភាគីចិនក៏បានសម្រេចចិត្តផ្តល់វ៉ាក់សាំងចំនួន ១០ លានដូស ជូនដល់ប្រព័ន្ធCOVAX សម្រាប់ការបំពេញសេចក្តីតម្រូវការជាបន្ទាន់របស់ប្រទេសកំពុងអភិវឌ្ឍន៍។ នេះគឺជាវិធានការដ៏សំខាន់មួយរបស់ភាគីចិនសម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមស្តីអំពីការកសាងសហគមន៍សុខភាពមនុស្សជាតិ។ ក្នុងន័យខាងលើនេះ ភាគីចិនបានផ្តល់វ៉ាក់សាំងជូនដល់ភាគីកម្ពុជាលើកនេះគឺជាសកម្មភាពដ៏សំខាន់នៃការអនុវត្តការប្រកាសរបស់ឯកឧត្តមប្រធានាធិបតីចិន Xi Jinping ស្តីអំពីក្នុងការចាត់ទុកវ៉ាក់សាំងកូវីដ-១៩ជាទំនិញរួមរបស់ពិភពលោក។

មិត្តភក្តិទាំងអស់គ្នាជាទីមេត្រី! យើងពិតជាសប្បាយរីករាយដែលបានឃើញថា ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការប្រកបដោយប្រសិទ្ធភាពយ៉ាងទាន់ពេលវេលា ហើយបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទប់ស្កាត់នឹងជំងឺវីរុស ក៏ទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ ប្រទេសចិន នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់នឹងជំងឺវីរុសជាមួយប្រទេសកម្ពុជាដែលជាមិត្តដែកថែប នឹងបន្តផ្តល់ជំនួយទៅតាមលទ្ធភាពដែលអាចធ្វើទៅបានជូនដល់មិត្តកម្ពុជា រហូតដល់ភាគីមិត្តអាចយកឈ្នះក្នុងការប្រយុទ្ធប្រឆំាងនឹងជំងឺវីរុសមួយនេះ។

ជាចុងក្រោយនេះ សូមជូនពរមិត្តភាពចិននិងកម្ពុជាឋិតថេរជាអមតៈ!

សូមអរគុណ! 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង