
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងចំនួន៦០ម៉ឺនដូសដែលជាជំនួយរបស់ប្រទេសចិននឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃអាទិត្យនេះ។ការមកដល់នៃវ៉ាក់សាំងចិននេះ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានរំពឹងថា ជាពន្លឺមួយនៃការងើបឡើងវិញនៃវិស័យទេសចរណ៍នៃប្រទេសកម្ពុជា។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍ថា បន្ទាប់ពីទទួលបានដំណឹងនេះ វិស័យទសចរណ៍កម្ពុជានឹងងើបឡើងវិញ ព្រោះបើមិនមានវ៉ាក់សាំងទេ ការឆ្លងជវីរុសកូវីដ១៩នៅតែបន្តមាន ហើយមនុស្សនៅតែមិនហ៊ានដើរ ជាពិសេសការរឹតត្បិតឯកសារផ្សេងៗពីភ្ញៀវបរទេស ដែលជាហេតុធ្វើឱ្យពិបាកឬប៉ះពាល់ដល់អារម្មណ៍ភ្ញៀវបរទេស និងមិនចង់ដើរកម្សាន្ត។
ផ្ទុយពីនេះ លោកស្រីបញ្ជាក់ថា បន្ទាប់ពីទទួលបានវ៉ាក់សាំងកូវីដ១៩ មនុស្សនឹងមានការចំណាប់អារម្មណ៍ ឬមានភាពជឿទុកចិត្តលើសុខសុវត្តិភាពចំពោះការធ្វើដំណើរកំសាន្ត។លោកស្រីបន្តថា វ៉ាក់សាំងនេះពិតជាមានឥទ្ធិពលខ្លាំងទៅលើឧស្សហកម្មសចរណ៍កម្ពុជា ក៏ដូចជានៅលើសកលលោកទាំងមូលផងដែរ ព្រោះថាមានតែវ៉ាក់សាំងទេដែលអាចធ្វើឱ្យវត្តមានកូវីដ១៩រលាយផុតពីផែនដី។
បើតាមលោកស្រី ឆាយ ស៊ីវលីន នៅពេលដែលកម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ បណ្តាប្រទេសមួយចំនួនដែលបម្រុងនឹងចាប់ដៃគូពាណិជ្ជកម្មជាមួយកម្ពុជាមើលឃើញថា កម្ពុជាអាចជាប្រទេសមួយដែលមានគោលដៅទេសចរណ៍ក្រោកឡើងវិញមុនគេនៅក្នុងគម្រោងគោលការណ៍ធ្វើដំណើរដោយកន្លែង ឬហៅថា Travel Bubble ជាពិសេសអាចនឹងមានការពិចារណាក្នុងការចាប់ដៃគូជាមួយកម្ពុជាក្នុងគម្រោងនេះ។
ទោះជាកម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ក៏ដោយ ក៏លោកស្រីនៅតែមានទស្សនៈថា វិស័យទេសចរណ៍នឹងមិនទាន់មានកំណើនជាក់លាក់ណាមួយឡើយនៅក្នុងឆ្នាំ២០២១នេះ ព្រោះវិស័ទេសចរណ៍កម្ពុជាមានការងើបឡើងវិញបានលុះត្រាតែប្រទេសជិតខាង ឬប្រទេសផ្សេងៗនៅក្នុងសកលលោកទទួលបានវ៉ាក់សាំងដូចគ្នា ទើបកម្ពុជាហ៊ានបើកឱ្យភ្ញៀវទេសចរណ៍ចូលមកកម្ពុជាបាន។
លោកស្រីបានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២១នេះ វិស័យទេសចរណ៍កម្ពុជាអាចមានត្រឹមតែចលនាទេសណ៍នៅក្នុងស្រុកតែប៉ុណ្ណោះ ព្រោះបន្ទាប់ពីចាក់វ៉ាក់សាំងភ្លាម មនុស្សអាចចេញទេសចរណ៍បានភ្លាមៗដែរនោះទេ ពោលគឺត្រូវតាមដាន ឬឃ្លាំងមើលជាមុនសិន។
សូមបញ្ជាក់ជូនថា នៅឆ្នាំ២០២០កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបប្រមាណ១០លាននាក់ ក្នុងនោះភ្ញៀវជាតិ ៩លាននាក់ ធ្លាក់ចុះ២០% និងភ្ញៀវបរទេស ១,៣លាននាក់ ធ្លាក់ចុះ៨០%។ នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍៕