
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិនកំពុងតែរៀបចំដាក់ក្នុងយន្តហោះពិសេស និងត្រៀមចេញដំណើរហោះហើរនាពេលបន្តិចទៀតនេះ។នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា។
ស្ថានទូតចិនបានសរសេរយ៉ាងដូច្នេះថា "ព័ត៌មានទាន់ហេតុការណ៍! វ៉ាក់សាំងកូវីដ-១៩ ដែលជាអំណោយរបស់ភាគីចិនជូនចំពោះកម្ពុជាចំនួន ៦០ ម៉ឺនដូសកំពុងតែរៀបចំដាក់ក្នុងយន្តហោះពិសេស និងត្រៀមចេញដំណើរហោះហើរនាពេលបន្តិចទៀតនេះ"។
គួរបញ្ជាក់ថា តាមគម្រោងវ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជានឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូសនៅល្ងាចថ្ងៃអាទិត្យទី៧កុម្ភៈ២០២១ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន១លានដូស។សម្តេច ហ៊ុន សែន នឹងទៅទទួលវ៉ាក់សាំងដោយផ្ទាល់នៅល្ងាចនេះ។