Yearendyearend1140x150

អាជ្ញាធរណែនាំពលរដ្ឋប្រយ័ត្នចាញ់់កលក្លាយខ្លួនជាជនល្មេីសកណ្ដាលតាមបណ្ដាញសង្គមដោយមិនដឹងខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
រូបភាពដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ (Department of IT, Ministry of Interior)

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៥​ ខែកុម្ភះ ឆ្នាំ២០២១ នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលនិយមប្រើប្រាស់បណ្ដេញសង្គមតាមប្រព័ន្ធអនឡាញ កុំឱ្យមានការចាញ់បោកជាកលល្បិចបញ្ឆោត ឬជឿតាមរយៈការផ្សព្វផ្សាយនានា ព្រោះកន្លងមក មានករណីជនរងគ្រោះដោយការចាញ់ឧបាយកលឆបោក រហូតធ្លាក់ខ្លួនក្លាយជាជនល្មើសជំនួស ឬជនពាក់ព័ន្ធកណ្តាល (Money Mule) ក្នុងប្រតិបត្តិការផ្ទេរប្រាក់របស់ជនល្មើសពិតប្រាកដ ដែលទទួលបានផលពីអំពើល្មើស ឬអំពើឆបោកណាមួយ។ ដោយហេតុផលទាំងនោះជាការចាញ់់ល្បិចបញ្ឆោត ហើយនឹងអាចប្រឈមមុខក្លាយជាជនល្មេីសកណ្ដាលតាមបណ្ដាញសង្គមដោយមិនដឹងខ្លួន។

យោងតាមការផ្សាយផេកផ្លូវការរបស់នាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ (Department of IT, Ministry of Interior) បានឱ្យដឹងថា ជាក់ស្ដែងបើតាមការស្រាវជ្រាវរបស់ក្រុមការងារនៃនាយកដ្ឋាន បានដឹងអំពីវិធីសាស្ត្រដែលឧក្រិដ្ឋជន ឬជនខិលខូច បានប្រើប្រាស់ក្នុងការអូសទាញជនរងគ្រោះតាមដំណាក់កាលផ្សេងៗ ដូចតទៅ៖ ឧក្រិដ្ឋជន ឬជនខិលខូច បានប្រព្រឹត្តអំពើល្មើសផ្សេងៗ តួយ៉ាងដូចជា ការជ្រៀតចូលប្រព័ន្ធធនាគាររបស់ជនរងគ្រោះណាមួយដើម្បីលួចផ្ទេរប្រាក់ចេញ, ការជ្រៀតចូលសារអេឡិចត្រូនិកបន្លំផ្ទេរប្រាក់, ការឆបោកប្រាក់ពីនរណាម្នាក់, ការគម្រាមទារប្រាក់ ឬអំពើល្មើសផ្សេងៗ។

បន្ទាប់មកជនល្មើសនឹងធ្វើការទំនាក់ទំនងមកកាន់ជនរងគ្រោះ ដោយបោកបញ្ឆោតថា ជួយទទួលប្រាក់ផ្ទេរពីពួកគេដើម្បីផ្តល់ជូនប្រាក់នោះទៅកាន់អ្នកទី៣ ឬក្នុងបំណងផ្សេងៗ ជាថ្នូរនឹងការផ្តល់ជូនជនរងគ្រោះវិញនូវកម្រៃពីសេវាក្នុងការទទួល និងដកប្រាក់ទាំងនោះ។ ក្រោយពីជនរងគ្រោះព្រមព្រៀងរួច ឧក្រិដ្ឋជន ឬជនខិលខូច នឹងឲ្យជនរងគ្រោះផ្តល់ព័ត៌មានគណនីធនាគារ ឬគណនីកម្មវិធីផ្ទេរប្រាក់ (Bank / Payment Account) ដើម្បីផ្ទេរប្រាក់នោះចូលក្នុងគណនីរបស់ជនរងគ្រោះ (ករណីមួយចំនួនជនល្មើស និងជនទី៣ ដែលជាអ្នកទទួលប្រាក់នោះអាចជាអ្នកស្គាល់គ្នា)។

បន្ទាប់ពីប្រាក់ដែលទទួលបានពីបទល្មើសនោះ បានផ្ទេរចូលក្នុងគណនីធនាគារ ឬគណនីកម្មវិធីផ្ទេរប្រាក់ (Bank / Payment Account) របស់ជនរងគ្រោះហើយ ឧក្រិដ្ឋជន ឬជនខិលខូច នឹងណែនាំជនរងគ្រោះឲ្យធ្វើការផ្ទេរប្រាក់នោះបន្តតាមប្រព័ន្ធធនាគារ ឬតាមរយៈ Bitcoin ឬដកប្រាក់ឲ្យប្រគល់ជូនពួកគេផ្ទាល់។ ជាលទ្ធផល គឺជនរងគ្រោះនឹងត្រូវក្លាយខ្លួនជាជនល្មើស ឬជនពាក់ព័ន្ធកណ្តាល (Money Mule) ដែលត្រូវសមត្ថកិច្ចកោះហៅ ឬចាប់ខ្លួនដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់ ពាក់ព័ន្ធនឹងការផ្សំគំនិត ឬការចូលរួមក្នុងអំពើល្មើសទាំងនោះ ឬអាចពាក់ព័ន្ធនឹងករណីប្រតិបត្តិការសម្អាតប្រាក់ (Money laundering) ផងដែរ។

យ៉ាងណាមិញខាងនាយកដ្ឋានព័ត៌មានវិទ្យា សូមណែនាំដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកប្រើប្រាស់បណ្ដេញសង្គមទាំងអស់ កុំជឿនូវការឆបោក ឬចាញ់ឧបាយកលដូចតាមការរៀបរាប់ខាងលើ។ ម្យ៉ាងវិញទៀត បើសិនជួបប្រទះនូវករណីដូចបានរៀបរាប់ខាងលើ ឬមានការសង្ស័យ ត្រូវប្រញាប់រាយការណ៍ជាបន្ទាន់ ទៅកាន់សមត្ថកិច្ចដែលនៅជិតខ្លួនបំផុត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង