Cctimesw1140xh150cm copy

រថយន្តកុងតឺន័រដឹកអង្ករបន្តកកស្ទះនៅតាមប្រទេសមួយចំនួនដូចជាអឺរ៉ុប អាមេរិក ចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា (CLA)

ភ្នំពេញ៖ កុងតឺន័រជាច្រើនដែលដឹកជញ្ជូនអង្ករពីកម្ពុជាត្រូវបានកកស្ទះនៅតាមបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មដូចជា អឺរ៉ុប អាមេរិក ចិន និងប្រទេសផ្សេងៗទៀត ដោយសារតែបញ្ហាកូវីដ។ នេះបើតាមប្រសាសន៍លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា (CLA)បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា (CLA) មានប្រសាសន៍ថា កុងតឺន័រសម្រាប់ដឹកជញ្ជូនអង្ករគឺជាកុងតឺន័រខ្លីៗ មានទំហំតែ២០ហ្វីតប៉ុណ្ណោះ ដែលកុងតឺន័រនេះមានតិចជាងកុងតឺន័រសម្រាប់ដឹកទំនិញ ឬផលិតផលវាយនភ័ណ្ឌដទៃទៀតដូចជា សម្លៀកបំពាក់ ស្បែកជើង កាតាបជាដើម។

ទាក់ទងនឹងតម្លៃវិញលោក ស៊ិន ចន្ធី បានថ្លែងថា តម្លៃនៃការដឹកជញ្ជូនអង្ករតាមកុងតឺន័រទៅបណ្តាប្រទេសបញ្ជាទិញក៏មានការឡើងថ្លៃផងដែរ ពោលគឺឡើងថ្លៃចាប់ពី៣-៥ដងនៃតម្លៃធម្មតា។ លោកបញ្ជាក់ថា ជាធម្មតាតម្លៃដឹកជញ្ជូនអង្ករពីកម្ពុជាទៅចិនចំណាយត្រឹមតែ១៥០ដុល្លារតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នឡើងថ្លៃរហូតដល់ ៥០០-៦០០ដុល្លារ។ ចំណែកការដឹកជញ្ជូនទៅខាងអឺរ៉ុបធម្មតាតម្លៃដឹកជញ្ជូនត្រឹមតែ១ពាន់ដុល្លារ ប៉ុន្តែឥឡូវឡើងដល់៤ពាន់ដុល្លារ ទៅ៥ពាន់ដុល្លារ ក្នុង១កុងតឺន័រ ២០ហ្វីត។

លោកបន្ថែមថា បើសិនជាស្ថានភាពកូវីដ១៩នៅបណ្តាប្រទេសដែលបញ្ជាទិញទាំងអស់ពុំមានការអន់ថយទេ នេះតម្លៃនៃការដឹកជញ្ជូនអង្ករតាមកុងតឺន័រនៅតែបន្តការឡើងថ្លៃដដែរ។ ប៉ុន្តែលោកក៏បានបង្ហើបដោយប៉ាន់ស្មានថា ស្ថានភាពនៃតម្លៃដឹកជញ្ជូនតាមកុងតឺន័រអាចនឹងមានការប្រែប្រួលចាប់ពីមីនា ឆ្នាំ២០២១នេះតទៅ ក្នុងលក្ខខណ្ឌការបញ្ជាទិញមានសភាពអន់ថយ។

លោកបានបន្តថា ចំពោះដំណោះស្រាយសម្រាប់បញ្ហានៃការកកស្ទះនេះ គឺពុំមានជាការចងក្រងវិធានការអ្វីនោះទេ ពោលគឺមានតែការរងចាំកុងតឺន័រត្រឡប់មកកម្ពុជាពីបណ្តាប្រទេសបញ្ជាទិញវិញតែប៉ុណ្ណោះ។

យោងតាមរបាយការណ៍ ការនាំចេញអង្កររបស់កម្ពុជា ក្នុងខែមករា ឆ្នាំ២០២១ ទៅកាន់ទិសដៅចំនួន ២៨ប្រទេស សម្រេចបានជារួម ៣៤២៧៣តោន គិតជាទំហំទឹកប្រាក់ចំនួន ៣០.៧៦លានដុល្លារសហរដ្ឋអាមេរិក ដែលមានការថយចុះជារួម ៣២.០៧% ដែលជាពិសេសគឺទីផ្សាររបស់ប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុប បានធ្លាក់ចុះជិត៦០% ខណៈដែលទីផ្សារប្រទេសចិន នៅតែបន្តមានភាពវិជ្ជមាន ពោលគឺកើតឡើងជិត៨% បើប្រៀបធៀបនឹងខែមករា ឆ្នាំមុន។

របាយការណ៍បន្តថា ការធ្លាក់ចុះនៃការនាំចេញអង្ករ ក្នុងខែមករានេះ ជាពិសេសទៅកាន់ប្រទេសសមាជិកសភាពអឺរ៉ុបដែលមានការធ្លាក់ចុះដល់ទៅជិត៦០% ដែលបណ្តាលមកពីមូលហេតុចម្បងគឺបញ្ហាការដឹកជញ្ជូនតាមកប៉ាល់ ដោយកង្វះទូកុងតឺន័រសំរាប់អង្ករដែលជាទំនិញធ្ងន់ មិនមានកន្លែងផ្ទុកគ្រប់គ្រាន់ (Shipping Space) របស់កប៉ាល់ដឹកជញ្ជូនពីកំពង់ផែក្រុងព្រះសីហនុ(Pre-courier) ទៅប្តូរនៅកប៉ាល់មេទៅអ៊ឺរ៉ុប (Mother Vessel) និងតម្លៃទៀតសោតបានឡើងខ្ពស់ ដល់ទៅ៥ ដង នៃតម្លៃឆ្នាំមុន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កកស្ទះកុងតឺន័រ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង