ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រកបដោយសុវត្ថិភាព ទប់ស្កាត់ និងបង្ការការនាំចូលវីរុសកូវីដ១៩ តាមច្រកព្រំដែនកម្ពុជា-វៀតណាម ខណៈប្រទេសវៀតណាមកាលពីថ្មីៗមានការផ្ទុះឡើងវិញនៃការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ចូលទៅក្នុងសហគមន៍ ដែលក្នុងនោះមានការចម្លងនៃវីរុសកូវីដបំប្លែងថ្មីពីចក្រភពអង់គ្លេសផងដែរ។
ផ្អែកតាមប្រភពព័ត៌មានពីគេហទំព័ររបស់ប្រទេសវៀតណាមឈ្មោះ Vietnam Briefing បានឲ្យដឹងថាចាប់តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ មកដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ វៀតណាមបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩នៅតាមបណ្តាខេត្តចំនួនដូចជា ខេត្តហៃដុង ខេត្តក្វាងនិញ ទីក្រុងហាណូយ ខេត្តហៃឡៃ បាកណិញ ខេត្តប៊ិកយ៉ាង ដែលខេត្តខ្លះក៏មានព្រំប្រទល់ជាប់ប្រទេសកម្ពុជាដែរ។
អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលកម្ពុជា ស្នើសុំឲ្យអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ជាពិសេសខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាមដូចជា ខេត្តកំពត តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងរតនគិរី ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការ ដើម្បីការពារការចម្លងវីរុសកូវីដ១៩ ចូលក្នុងតំបន់របស់ខ្លួន។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលបានធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ផ្អាក ឬពន្យារការធ្វើដំណើរណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាលនានាដែលបានដាក់ចេញដើម្បីបង្ការការឆ្លងកូវីដ១៩នេះ៕