
ភ្នំពេញ៖ ក្រោយពីបើកការចរចារួមគ្នាអស់រយៈពេលជាច្រើនខែមក នៅពេលនេះកម្ពុជា-កូរ៉េ ប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្រោយអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ YOO Myung-hee រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ។កម្មវិធីនេះធ្វើឡើង តាមរយៈប្រព័ន្ធវីដេអូ។
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កិច្ចព្រៀមព្រៀងនេះ មានគោលបំណងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រឹងធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែមានភាពទូលំទូលាយដោយផ្ដល់នូវប្រយោជន៍ឲ្យគ្នាទៅវិញទៅមក សំដៅបង្កើតផលប្រយោជន៍សេដ្ឋកិច្ច សុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។
បើតាមឯកឧត្តម ប៉ាន សូរស័ក្ដិ ប្រទេសទាំងពីរជឿជាក់ថាកិច្ចព្រមព្រៀងសេរីទ្វេភាគីនេះ អាចស្ដារឡើងវិញនូវសេដ្ឋកិច្ចប្រទេសទាំងពីឲ្យបានឆាប់រហ័ស ក្នុងកំឡុងពេល និងក្រោយពេលដែលវិបត្តិកូវីដ-១៩ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទេភាគី គឺគ្របដណ្ដប់ទៅលើទំនិញមួយចំនួនដូចជា៖ មានស្តង់ដារ បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព វិធានការអនាម័យ ភូគាមអនាម័យ។
គួរបញ្ជាក់ថានៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង គឺមានប្រមាណ ១.០៣ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើងប្រមាណ ៦%ធៀបនឹងឆ្នាំ២០១៨។ កម្ពុជាគឺជាទីផ្សារនាំចេញលំដាប់ទី៥៨របស់កូរ៉េខាងត្បូង។
កូរ៉េខាងត្បូងក្លាយជាប្រទេសទី២ បន្ទាប់ពីប្រទេសចិនដែលបានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា។ កាលពីថ្ងៃទី១២ ខែ តុលា កន្លងទៅ កម្ពុជា និង ចិន បានចុះកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីជាផ្លូវការ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺជាកិច្ចព្រមព្រៀងលើកទី១ ហើយ ដែលកម្ពុជា សម្រេចបានជាមួយបរទេស។ រដ្ឋាភិបាលកម្ពុជារំពឹងថា ក្រោយមានកិច្ចព្រមព្រៀង នេះ ការនាំចេញរបស់កម្ពុជាទៅចិននឹងមានការកើនឡើង ២៥% បន្ថែមទៀត៕



