តាកែវ៖ ប្រជាពលរដ្ឋនៅស្រុកព្រៃកប្បាសខេត្តតាកែវចំនួន១២០០នាក់ បានចូលរួមទស្សនានូវការចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន បន្ទាប់ពីក្រុមការងារនៃយុទ្ធនាការ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៥” បានមកដល់ទីតាំងវត្តភ្នំចចក ហើយបានរៀបចំដាក់ផ្ទាំងផ្សព្វផ្សាយ និងចែកជូនខិតប័ណ្ឌរួចមក កាលពីថ្ងៃទី២៨ មករា ២០២១កន្លងទៅ។
យោងតាមវិទ្យុមិត្តភាពកម្ពុជាចិន បានឱ្យដឹងថា ដំណើរភាពយន្តចល័តឡានឆាងមេគង្គ កាលពីថ្ងៃទី២៨ មករា ២០២១ មានភាពយន្តដែលត្រូវបានបញ្ចាំងជូនអ្នកស្រុកទស្សនានៅស្រុកព្រៃកប្បាស ខេត្តតាកែវ មានចំនួនពីររឿងគឺ រឿងទីមួយ៖«អ្នកក្លាហានដំបងបីសាច» និងរឿងទីពីរ៖«សង្គ្រោះជីវិត៣០នាទី» ដែលត្រូវបានបញ្ចាំងចប់រហូតដល់ម៉ោងជាង១០យប់។ សមាសភាពអ្នកចូលរួមមាន មន្រ្តីនៃមន្ទីវប្បធម៌ និងវិចិត្រសិល្បៈនៅស្រុកព្រៃកប្បាស និងខេត្តតាកែវ មានចំនួន០៤នាក់ និងទស្សនិកជនចូលរួមទស្សនាមានចំនួន ១២០០នាក់ ដែលក្រុមការងារបានចែកជូនម៉ាស់ចំនួន១០០ម៉ាស់សម្រាប់ទស្សនិកជន។
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ និយាយថា ដើម្បីឱ្យប្រជាជនកម្ពុជាយើងបានសិក្សាស្វែងយល់ពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងស្ថានភាពបច្ចុប្បន្នរបស់ប្រទេសចិន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន លើកទី៥ ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ស្តង់ដាប្រតិបត្តិ ដែលជាវិធានការបង្ការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅកម្ពុជានៅតាមទីតាំងមួយចំនួនក្នុងខេត្តតាកែវដូចជា វត្តភ្នំចចក ស្ថិតក្នុងស្រុកព្រៃកប្បាស ល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ,ទីលានបាល់ទាត់ សាលាស្រុកសំរោង ល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១, សួនច្បារមាត់ទន្លេ ស្ថិតក្នុងក្រុងដូនកែវ ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១, វត្តលាយបូរ ស្ថិតក្នុងស្រុកត្រាំកក់ ល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។
ក្នុងព្រឹត្តិការណ៍ ”ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៥” លើកនេះ នឹងនាំមកនូវខ្សែភាពយន្តដ៏ឆ្នើម ដែលរួមមាន ខ្សែភាពយន្តខ្មែរ និងខ្សែភាពយន្តចិនបញ្ចូលសម្លេងជាភាសាខ្មែរ ដូចជារឿង“កំណត់ត្រាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅអ៊ូហាន” “អ្នកក្លាហានដំបងបិសាច” “ក្ដីស្រមៃយុវជនចិនវគ្គ២” និង“ម្ចាស់របាំងមុខ”ជាដើម។ ក្រោយពីចាក់បញ្ចាំងលើកដំបូងរួច ខ្សែភាពយន្តទាំងនេះនឹងត្រូវយកទៅចាក់បញ្ចាំងនៅតាមសាលារៀនទីប្រជុំជន និងបន្ទាយកងទ័ពជាដើម នៅតាមបណ្ដារាជធានី-ខេត្ត និងក្រុងនានា ដូចជា៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ កំពត កំពង់ស្ពឺ ស្វាយរៀង ព្រៃវែង កំពង់ចាម និងត្បូងឃ្មុំ ។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៥” នេះ ត្រូវបាន បើកសម្ពោធរួចហើយ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅសាលមហោស្រពចតុម្មុខ រាជធានីភ្នំពេញ ក្រោមការផ្ដួចផ្ដើមឡើងដោយស្ថានទូតចិនប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងទទួលរៀបចំដោយវិទ្យុមិត្តភាពកម្ពុជាដែលបង្កើតឡើងនៅកម្ពុជា ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន រួមជាមួយនឹងក្រុមហ៊ុនភាពយន្តចិនគ្រុប៕