
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួនក្នុងការការពារសុខភាពពីការឆ្លងជំងឺផ្តាសាយបក្សី នារដូវបុណ្យ និងពិធីសែនដូនតាផ្សេងៗខាងមុខនេះ។ នេះបើតាមសេចក្តីណែនាំក្រើនរំលឹករប់ក្រសួងសុខាភិបាលនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
យោងតាមសេក្តីប្រកាស ដើម្បីការពារខ្លួនពីជំងឺផ្តាសាយបក្សី ក្រសួងសុខាភិបាលបានឱ្យប្រជាពលរដ្ឋគ្រប់រូបអនុវត្តឱ្យខាងតែបាននូវវិធានការណ៍មួយចំនួនដូចជា៖ ត្រូវលាងដៃ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត បន្ទាប់ពីប៉ះពាល់សត្វ បោចសំអាតសត្វបសុបក្សី ឬប្រភពផ្សេងៗដែលអាចជាប្រភពចម្លងមេរោគ ព្រមទាំងប្រកាន់ខ្ជាប់នូវអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ និងចម្អិនបានឆ្អិនល្អ។
មួយវិញទៀត ត្រូវជៀសវាងចូលទៅកន្លែងចិញ្ចឹមសត្វ(បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ជៀសវាងប្រជ្រៀរគ្នានៅពេលទៅទិញម្ហូបអាហារ ជាពិសេសត្រូវត្រៀមលក្ខណៈពីចម្ងាយ ចៀសវាងការកកស្ទះនៅតាមទីផ្សារឬហាង នៅក្នុងថ្ងៃតែមួយ ឬក្នុងថ្ងៃមានពិធីជាដើម។
សេចក្តីប្រកាសបន្ថែមថា បើសង្ស័យថាឆ្លងវីរុសផ្តាសាយបក្សី ដោយរោគសញ្ញាទូទៅមាន គ្រុនក្តៅលើសពី៣៨.៥អង្សាសេ ក្អក និងពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់បសុបក្សីឈឺឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា សូមទូរស័ព្ទទៅលេខទូរស័ព្ទទាន់ហេតុការណ៍១១៥។
ក្រសួងសុខាភិបាលក៏បានលើកទឺកចិត្តឱ្យសាធារណជនទូទៅអនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ដើម្បីការពារអ្នក និងក្រុមគ្រួសារកុំឱ្យមានការឆ្លងជំងឺផ្តាសាយបក្សី៕

