
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ទិសដៅទិញវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន២០លានដូស សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ក្នុងចំណោម២០លានដូសនោះ កម្ពុជាអាចទទួលបានវ៉ាក់សាំងដែលជាជំនួយពីប្រទេសជាមិត្ត ចំនួន១១លានដូស។នេះបើតាមប្រសាសន៍របស់លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២១ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារ សូហ្វីតែល។
លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា នៅក្នុងខែកុម្ភៈនេះកម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ដែលជាជំនួយរបស់ចិន ចំនួន១លានដូស ហើយគ្រោងនឹងចាក់ជូនដល់ពលរដ្ឋនៅក្នុងខែមិនា ឆ្នាំ២០២១។ហើយវ៉ាក់សាំងតាមរយៈកូវ៉ាក់ជាជំនួយក៏គម្រោងមកដល់កម្ពុជាក្នុងខែកុម្ភៈចំនួន៧លានដូសផងដែរ។
ក្រៅពីជំនួយរបស់ចិនចំនួន១លានដូស និងពីកូវ៉ាក់ចំនួន ៧លានដូស កម្ពុជាក៏ទទួលបានវ៉ាក់សាំងពីប្រទេសអូស្ត្រាលីចំនួន៣លានដូសផងដែរ។នេះបើតាមការបន្ថែមរបស់លោក វង្សី វិស្សុត។លោកថានេះនៅមិនទាន់គិតដល់ជំនួយវ៉ាក់សាំងពីប្រទេសឥណ្ឌា និង វ៉ាក់សាំងពីប្រទេសរុស្ស៊ីដែលកម្ពុជាកំពុងចរចាស្នើសុំជំនួយ។
បើតាមលោក វង្សី វិស្សុត បានអះអាងថា បញ្ហាប្រឈមរឿងវ៉ាក់សាំងកូវីដ-១៩ដែលជាបញ្ហារបស់កម្ពុជាតទៅទៀតហើយ។ចំណែកចំណែកវ៉ាក់សាំងដែលនៅខ្វះប្រហែល៩លានដូសនោះ កម្ពុជារំពឹងទទួលបានទិញពីពីប្រទេសចិន និងទិញពីប្រទេសអង់គ្លេស ដើម្បីគ្រប់ចំនួន២០លានដូស។
លោក វង្សី វិស្សុត ថ្លែងថា "ជាទស្សនវិស័យប្រទេសកម្ពុជាក្រ តែមានល្បឿនលឿនជាគេដែរដែលអាចទិញ និង ការចាក់វ៉ាក់សាំងមុនគេដែរ ហើយនេះជាសញ្ញាមួយសម្រាប់ងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា សម្រាប់ទាក់ទាញអ្នកវិនិយោគដែលកំពុងមានឱកាសដ៏ធំនៅក្នុងតំបន់យើងនេះ"។
លោក វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ការផ្ទេរអ្នកវិនិយោគ បូករួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (Regional Comprehensive Economic Partnership) ឬហៅកាត់ថា RCEP និងប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសអង់គ្លេស EBA នឹងធ្វើឱ្យកម្ពុជាមានឱកាសធំសេដ្ឋកិច្ចអាចនឹងងើបឡើងវិញលើសពីការរំពឹងទុក៕