
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអចលនទ្រព្យ និងសំណង់ ជាជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំសម្រាប់ជួយស្តារសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២១ ហើយរាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយ ដើម្បីថែទាំវិស័យនេះ ក្នុងពេលដែលកម្ពុជាជួបវិបត្តិ។
រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានថ្លែងចាត់ទុកវិស័យអចលនទ្រព្យ និងសំណង់ ជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ជួយសេដ្ឋកិច្ចកម្ពុជានៅពេលដែលប្រទេសកម្ពុជាជួបវិបត្តិកូវីដ-១៩ ។ការថ្លែងបែបនេះ ធ្វើឡើងក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២១ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារ សូហ្វីតែល។
បើតាមលោក វង្សី វិស្សុត ក្នុងពេលកម្ពុជាជួបវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលរំពឹងថា វិស័យអចលនទ្រព្យ និងសំណង់ ធ្លាក់ពី១០ភាគរយមកត្រឹម៥ភាគរយ តែការប៉ាន់ស្មាននេះគឺពីការរំពឹងដោយហេតុថា វិស័យនេះធ្លាក់ចុះក្នុងកម្រិកតិច ហើយបច្ចុប្បន្នបានកំពុងកើនឡើងវិញបណ្តើរៗ។
លោក វង្សី វិស្សុត បានថ្លែងថា "ខ្ញុំគិតថា មកដល់ពេលនេះរដ្ឋជាគោលនយោបាយត្រូវថែទាំវិស័យនេះ ដោយសារ វិស័យអចលនទ្រព្យ និងសំណង់ គឺជាជន្ទល់សេដ្ឋកិច្ចមួយនៅពេលយើងជួបវិបត្តិ ចឹងបានជាយើងមានគោលនយោបាយមួយមិនយកពន្ធលើផ្ទះ ឬខុនដូដែលមានតម្លៃទាបជាង៧ម៉ឺនដុល្លារ"។
រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ដោយសារគោលនយោបាយរបស់រាជរដ្ឋាភិបាលមិនយកពន្ធលើផ្ទះ ឬខុនដូដែលមានតម្លៃទាបជាង៧ម៉ឺនដុល្លារ បាននឹងកំពុងនាំឱ្យវិស័យទិញលក់មានការងើបឡើងវិញ។ចំណែកដុខដូ ឬផ្ទះលក់ថ្លៃៗបានធ្លាក់ចុះ៕