
ភ្នំពេញ៖ស្ថានទូតចិនប្រចាំនៅកម្ពុជា បានធ្វើការក្រើនរំលឹកដល់ជនជាតិចិនដែលរស់នៅក្នុងប្រទេសកម្ពុជា ធ្វើខ្លួនឱ្យបានល្អ និងជៀសវាងឱ្យឆ្ងាយពីការលេងល្បែង។ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីនៅរយៈពេលចុងក្រោយនេះ ករណីឃាតកម្មលើជនជាតិចិនបានកើតឡើងជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា។
ស្ថានទូតចិននៅកម្ពុជា បានគូសបញ្ជាក់ថា នាពេលថ្មីៗនេះមានករណីអំពើហឹង្សាដែលមានលក្ខណៈកាចសាហាវកើតឡើងជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងពលរដ្ឋចិនរស់នៅក្នុងប្រទេសកម្ពុជា ហើយមានជនជាតិចិនមួយចំនួនបានបាត់បង់ជីវិតផងដែរ។ឆ្លៀតក្នុងឱកាសនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា សូមធ្វើការរំលឹកជនជាតិចិនដែលរស់នៅកម្ពុជាថា ការលេងល្បែងស៊ីសង គឺជាផ្លូវដែលមិនអាចវិលត្រឡប់មកវិញបានទេ។ យោងតាមមូលហេតុដែលកើតឡើងនូវករណីដ៏កាចសាហាវដែលពាក់ព័ន្ធនឹងពលរដ្ឋចិននៅកម្ពុជានាពេលកន្លងមក ភាគច្រើនគឺបណ្តាលមកពីល្បែងស៊ីសង។
បើតាមស្ថានទូតចិន ករណីមនុស្សឃាតដែលពាក់ព័ន្ធនឹងពលរដ្ឋចិននៅក្នុងប្រទេសកម្ពុជាបានបង្ហាញថា៖ មនុស្សភាគច្រើនដែលចូលរួមក្នុងល្បែងស៊ីសង បើស្រាលត្រឹម បាត់បង់ទ្រព្យសម្បត្តិ បែកបាក់ប្រពន្ធកូន ហើយបើករណីធ្ងន់ធ្ងរវិញ គឺអាចនឹងជាប់បំណុលល្បែងវណ្ឌក ហើយអាចនឹងធ្វើអោយគ្រួសារវិនាសអន្តរាយ ។ហេតុដូចនេះហើយស្ថានទូតចិនរំលឹកជនជាតិចិនដែលរស់នៅក្នុងប្រទេសកម្ពុជា ធ្វើខ្លួនឱ្យបានល្អ និងជៀសវាងឱ្យឆ្ងាយពីការលេងល្បែង ជៀសវាសដើរដល់ផ្លូវទាល់ច្រកដែលមិនអាចត្រឡប់ក្រោយបាន។
ជាមួយគ្នានេះ ស្ថានទូតចិនក៏បានរំលឹកប្រជាជនចិនអោយ ប្រយ័ត្នអន្ទាក់ជ្រើសរើសបុគ្គលិកដែលមានប្រាក់ខែខ្ពស់។ ដោយមានអ្នកខ្លះអួតថាខ្លួនជា“ ក្រុមហ៊ុនធំ” កំពុងជ្រើសរើសបុគ្គលិក អ្នកវាយអក្សរកំព្យូទ័រ ផ្នែកលក់ សេវាកម្មអតិថិជននិងបុគ្គលិកផ្សេងទៀត។តែធាតុពិតគឺជាការបោកប្រាស់។សម្រាប់ស្ថានទូតចិន អ្នកពាក់ព័ន្ធនឹងល្បែងស៊ីសងតាមអ៊ិនធរណេតនឹងត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់។
ស្ថានទូតចិន បានសង្កត់ធ្ងន់ថា ស្ថាប័នអនុវត្តច្បាប់របស់រដ្ឋាភិបាលចិន និងកម្ពុជាកំពុងបង្កើនការសហការរួមគ្នា ដើម្បីបង្ក្រាបសកម្មភាពល្បែងស៊ីសងតាមអ៊ីនធឺណេត និងការបោកប្រាស់ តាមប្រព័ន្ធទូរគមនាគមន៍ផ្សេងៗដែលពាក់ព័ន្ធនឹងពលរដ្ឋចិននៅក្នុងប្រទេសកម្ពុជា។
ស្ថានទូតចិនក៏បានក្រើនរំលឹកផងដែរថា "សមុទ្រល្បែងគ្មានដែនកំណត់ទេ ហើយក៏បកក្រោយគឺជាត្រើយ " ដូចនេះសូមជៀសវាងអោយឆ្ងាយពីការលេងល្បែង ពុំនោះទេនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា នៅដើមឆ្នាំ២០២១នេះ ករណីឃាតកម្មលើជនជាតិចិនបានកើតឡើងជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា។កាលពីថ្ងៃទី ១៣ មករា ជនជាតិចិនប្រុសស្រីចំនួន២នាក់ ត្រូវបានឃាតករសម្លាប់ក្នុងនៅបន្ទប់ខុនដូមួយកន្លែង ស្ថិតនៅ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ជាឃាតកម្មដ៏សាហាវដែលជនរងគ្រោះត្រូវបានជនសង្ស័យប្រើខ្សែគោចងរឹតកបណ្ដាលឲ្យស្លាប់ រួចអូសចូលក្នុងបន្ទប់ទឹក និង ប្រើវិធីយកក្រណាត់ ដាក់ចូលមាត់រួចយកស្កុតបិទមាត់ ច្រមុះ ភ្នែក ជិតធ្វើឲ្យដាច់ខ្យល់ស្លាប់។
ដោយឡែកកាលពីថ្ងៃទី២១ មករា កន្លងទៅនេះ ជនជាតិចិនម្នាក់ត្រូវបានជនសង្ស័យបើកឡានដេញបាញ់រហូតដល់ស្លាប់ នៅពីមុខកាស៊ីណូមួយកន្លែង ក្នុងសង្កាត់លេខ៣ខេត្តព្រះសីហនុ។ហើយដើមហេតុដែលបណ្ដាលឱ្យមានករណីបាញ់សម្លាប់នេះ កើតឡើងអាចបណ្ដាលមកពីល្បែងស៊ីសង។ក្រោយមកសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានចំនួន៣នាក់ និង កំពុងខិតខំប្រមូលភស្តុតាងបន្ថែមទៀត ដើម្បីស្រាវជ្រាវចាប់បក្សពួកដែលសេសសល់ និង រកអ្នកប្រើប្រាស់អាវុធបាញ់សម្លាប់ជនរងគ្រោះ៕