ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៧ វិច្ឆិកានេះ បានចេញសារពន្យល់ពាក់ព័ន្ធកម្ពុជាពន្យាពេលក្នុងការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច(LDC) នៅឆ្នាំ២០២៩។ការពន្យានេះ មិនមែនកម្ពុជាគ្មានពិន្ទុគ្រប់គ្រាន់ ដើម្បីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច(LDC)នោះទេ គឺកម្ពុជាចង់យកពេលដើម្បីប្រឹងប្រែងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម និងជំនាញទាប ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និង បច្ចេកវិទ្យាខ្ពស់តាមរយៈ ការកសាងមូលដ្ឋានឧស្សាហកម្មដែលមានភាពប្រកួតប្រជែង, ពិពិធកម្ម និង ភាពធន់ ដោយតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល, ធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់ និង លើកកម្ពស់សមត្ថភាពផលិតកម្មក្នុងស្រុក។ប្រសាសន៍សម្តេច ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជាឆ្នាំ២០២៦។