Khmer suport khmer cc time

កម្ពុជាទទួលបានភ្ញៀវទេសចរជាតិជិត ១១លាននាក់ ក្នុងរដូវកាលបៃតងឆ្នាំ២០២៦ កើនឡើង ១៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្នុងរយៈពេល ៦ខែនៃ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិធ្វើដំណើរកម្សាន្តសរុបប្រមាណ ១០,៨៩លាននាក់ ដែលមានការកើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ តួលេខនេះត្រូវបានបង្ហាញក្នុងពិធីបិទ «សិក្ខាសាលាបូកសរុបលទ្ធផលការងារយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧» កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La ក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ក្រសួងទេសចរបានចាត់ទុកថាកំណើនដ៏គួរឱ្យកត់សម្គាល់នេះ ឆ្លុះបញ្ចាំងពីភាពរស់រវើកនៃសកម្មភាពទេសចរណ៍ ការបង្កើនព្រឹត្តិការណ៍ទាក់ទាញថ្មីៗ ព្រមទាំងការចូលរួមកាន់តែសកម្មពីវិស័យឯកជន និងប្រជាពលរដ្ឋ។ ថ្លែងក្នុងពិធីបិទសិក្ខាសាលាដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត សមាគម និងប្រតិបត្តិករទេសចរណ៍ ដៃគូសហការ ព្រមទាំងអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាជាច្រើនរូប លោក ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានអនុវត្តយុទ្ធនាការ «រដូវកាលបៃតង» ចាប់តាំងពីឆ្នាំ២០២៥ និងបន្តពង្រឹងសកម្មភាពយ៉ាងសកម្មក្នុងឆ្នាំ២០២៦ នេះ។ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ ក្នុងការប្រែក្លាយទស្សនៈពី «រដូវកាលភ្ញៀវតិច» ទៅជា «រដូវកាលបៃតង» ដើម្បីលើកកម្ពស់រូបភាពវិជ្ជមាន និងជំរុញសក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍

ទន្ទឹមនឹងការកំណត់ទិសដៅការងារជំរុញវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០២៧ លោក ហួត ហាក់ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ បន្តសហការជំរុញចលនាទេសចរណ៍ក្នុងស្រុក ស្វែងយល់ពីគោលដៅទេសចរណ៍ថ្មីៗ និងគាំទ្រផលិតផល ក៏ដូចជាសេវាកម្មទេសចរណ៍របស់សហគមន៍។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កិច្ចសហការរួមគ្នានេះនឹងប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ដែលភ្ញៀវអាចមកទស្សនាបានគ្រប់រដូវកាល និងចង់ត្រឡប់មកទស្សនាម្តងហើយម្តងទៀត៕

Khcct banner

អត្ថបទទាក់ទង