Khmer suport khmer cc time

ចិន ធ្វើទំនើបកម្មយន្តហោះ«បំបាំងកាយ J-20» ដោយប្រើប្រាស់ម៉ាស៊ីនក្នុងស្រុក និងបន្ថែមប្រព័ន្ធបញ្ជាឆ្លាតវៃ

CHINA-CAMBODIA HOTLINE
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ ប្រទេសចិន បានសម្រេចជោគជ័យក្នុងការអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយ J-20 របស់ខ្លួន ឱ្យកាន់តែមានសមត្ថភាពខ្ពស់ តាមរយៈការផ្លាស់ប្តូរពីការប្រើប្រាស់ម៉ាស៊ីននាំចូល មកជាការបំពាក់ម៉ាស៊ីនផលិតក្នុងស្រុកទាំងស្រុង និងបានអភិវឌ្ឍពីយន្តហោះកៅអីទោល ទៅជាយន្តហោះពីរជួរកៅអី ដែលអាចបញ្ជាប្រតិបត្តិការវាយប្រហារបែបឆ្លាតវៃ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន យន្តហោះចម្បាំង J-20 បានហោះហើរល្បងដំបូងក្នុងឆ្នាំ ២០១១ និងបានបង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្នុងពិព័រណ៍អាកាសចរណ៍ Airshow China នាខែវិច្ឆិកា ឆ្នាំ ២០១៦។ របត់សំខាន់នៃទំនើបកម្មនេះ គឺការប្រកាសដាក់ឱ្យប្រើប្រាស់យន្តហោះ J-20 បំពាក់ម៉ាស៊ីនផលិតក្នុងស្រុកជាផ្លូវការ កាលពីឆ្នាំ ២០២១។

អ្នកសង្កេតការណ៍យោធាចិន លោក Wang Mingliang បានលើកឡើងថា ម៉ាស៊ីនគឺជា «បេះដូង» នៃយន្តហោះ។ ការប្រើប្រាស់ម៉ាស៊ីនក្នុងស្រុក មិនត្រឹមតែជួយឱ្យចិនម្ចាស់ការលើបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យ J-20 ហោះហើរបានលឿន និងឆ្ងាយជាងមុន រក្សាល្បឿនលឿនជាងសំឡេងបានយូរ និងអាចដឹកអាវុធបានច្រើនជាងមុនទៀតផង។

គួរបញ្ជាក់ថា ចិន ក៏បានបង្កើតយន្តហោះម៉ូឌែលថ្មី J-20S ប្រភេទពីរជួរកៅអី ដែលជាយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី ៥ ពីរជួរកៅអីដំបូងគេនៅលើពិភពលោក។ ក្នុងទម្រង់ថ្មីនេះ អ្នកបើកបរនៅកៅអីខាងមុខ ទទួលបន្ទុកបញ្ជាយន្តហោះ និងប្រយុទ្ធលើអាកាស ខណៈអ្នកនៅកៅអីខាងក្រោយ ទទួលបន្ទុកបញ្ជាហ្វូងដ្រូនគ្មានមនុស្សបើក និងរៀបចំផែនការវាយប្រហារ ដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត្រសង្គ្រាមអាកាសនាពេលអនាគត៕

Khcct banner

អត្ថបទទាក់ទង