Khmer suport khmer cc time

ស្ថាបនិកក្រុមហ៊ុនម៉ូតូចិន ZXMOTO បំបែកកំណត់ត្រាពិភពលោកជិះម៉ូតូលើទឹកបានចម្ងាយជាង ៤០គីឡូម៉ែត្រ

CHINA-CAMBODIA HOTLINE
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ៊ូណាន៖ លោក Zhang Xue ស្ថាបនិកក្រុមហ៊ុនផលិតម៉ូតូចិន ZXMOTO កាលពីថ្ងៃ២៥តុលា បានបំបែកកំណត់ត្រាពិភពលោក Guinness World Record តាមរយៈការជិះម៉ូតូកែច្នៃបានចម្ងាយ ៤០,៧៤គីឡូម៉ែត្រ នៅលើផ្ទៃទឹកបើកចំហ នៅក្នុងស្រុកស្វយ័ត Mayang Miao ខេត្តហ៊ូណាន (Hunan) ភាគកណ្តាលនៃប្រទេសចិន ដែលជាស្រុកកំណើតរបស់លោក។ លោក Zhang បានជិះលើម៉ូតូម៉ូឌែល ZXMOTO MX450 ដែលត្រូវបានកែច្នៃជាពិសេស និងបើកបរចុះឡើងជាច្រើនជុំកាត់ផ្ទៃទន្លេ ដើម្បីបង្កើតកំណត់ត្រាពិភពលោកថ្មីមួយ សម្រាប់ចម្ងាយផ្លូវវែងបំផុតដែលបើកបរលើផ្ទៃទឹក ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV+ សមិទ្ធផលដ៏អស្ចារ្យនេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង តាំងពីឆ្នាំ២០០៩ នៅពេលលោក Zhang ព្យាយាមជិះម៉ូតូលើទឹកជាលើកដំបូងដោយប្រើប្រាស់បច្ចេកទេសកែច្នៃបែបសាមញ្ញ។ កាលណោះ លោកបានធ្លាក់ចូលទៅក្នុងទឹកចំនួន ៤លើក និងជិះបានចម្ងាយអតិបរមាតែ ២០ម៉ែត្រប៉ុណ្ណោះ។ សម្រាប់ការប៉ុនប៉ងបំបែកកំណត់ត្រានាពេលនេះ ម៉ូតូ MX450 ត្រូវបានបំពាក់ដោយជើងស្គីអណ្តែតទឹក ធុងសាំងធំជាងមុន និងប្រព័ន្ធការពារជម្រាបទឹកបន្ថែម។ ម៉ូតូត្រូវបង្កើនល្បឿននៅលើគោកជាមុនសិន មុនពេលរលាស់ខ្លួនជិះលើផ្ទៃទឹក ដោយមានជើងស្គីខាងមុខដើរតួជាចង្កូតបញ្ជា និងកង់ក្រោយរុញច្រានទឹកទៅក្រោយដើម្បីបង្កើតកម្លាំងចលករ។

ក្រុមការងារបានចំណាយពេល ៥ខែក្នុងការរៀបចំ និងកែសម្រួលប្រព័ន្ធអណ្តែតទឹក របាំងការពារទឹក និងប្រព័ន្ធកម្លាំងម៉ាស៊ីន ព្រមទាំងបានធ្វើតេស្តលើផ្ទៃទឹកជាច្រើនលើក ដើម្បីពង្រឹងស្ថិរភាព និងដោះស្រាយបញ្ហាបច្ចេកទេសផ្សេងៗ រហូតទទួលបានការទទួលស្គាល់ និងផ្ទៀងផ្ទាត់ផ្ទាល់ពីមន្ត្រីកំណត់ត្រាពិភពលោក Guinness World Records។

លោក Zhang បានបញ្ជាក់ថា ការរៀបចំការបំបែកកំណត់ត្រានៅស្រុកកំណើត ចំពេលដែលម៉ូតូម៉ូឌែល MX450 ជិតឈានចូលដល់ដំណាក់កាលផលិតកម្មទ្រង់ទ្រាយធំ គឺជាឱកាសដ៏ល្អឥតខ្ចោះក្នុងការបង្ហាញពីការកើនឡើងនៃបទពិសោធ បច្ចេកវិទ្យា និងធនធានរបស់ក្រុមហ៊ុន ហើយលោកពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះដំណើរផ្លាស់ប្តូរដ៏វែងឆ្ងាយនេះ៕

Khcct banner

អត្ថបទទាក់ទង