Swift cc time

លោក ស៊ី ជីនពីង អំពាវនាវឱ្យមេដឹកនាំ BRICS រួមដៃគ្នាកែទម្រង់ប្រព័ន្ធគ្រប់គ្រងពិភពលោក ដើម្បីរក្សាស្ថិរភាពសកល

CHINA-CAMBODIA HOTLINE
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឥណ្ឌា៖ ក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៨ វគ្គទី១ នៅទីក្រុងញូវដេលី ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងថា យន្តការ BRICS បានក្លាយជាវេទិការួមដ៏មានឥទ្ធិពលបំផុតសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងទីផ្សារលេចធ្លោលើសកលលោក។ ក្នុងឱកាសខួប ២០ឆ្នាំនៃកិច្ចសហប្រតិបត្តិការនេះ លោកបានគូសបញ្ជាក់ថា BRICS បានបង្ហាញពីសក្តានុពលយ៉ាងខ្លាំងក្នុងការរួមគ្នាចែករំលែក និងជម្នះវិបត្តិធំៗ ដូចជាវិបត្តិហិរញ្ញវត្ថុ ការរាតត្បាតកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ ដើម្បីការពារផលប្រយោជន៍រួមនៃបណ្តាប្រទេស Global South និងរក្សាស្ថិរភាពពិភពលោក។

យោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនCCTV+ កិច្ចប្រជុំកំពូលនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់សំខាន់ៗ រួមមាន លោក នារិន្រ្ទា ម៉ូឌី (នាយករដ្ឋមន្ត្រីឥណ្ឌា), លោក វ្ល៉ាឌីមៀ ពូទីន (ប្រធានាធិបតីរុស្ស៊ី), លោក ស៊ីរ៉ិល រ៉ាម៉ាផូសា (ប្រធានាធិបតីអាហ្វ្រិកខាងត្បូង), លោក ម៉ាស៊ូដ ពេហ្សេសគៀន (ប្រធានាធិបតីអ៊ីរ៉ង់), លោក អាប់ដេល ហ្វាតាស់ អែលស៊ីស៊ី (ប្រធានាធិបតីអេហ្ស៊ីប), លោក ប្រាបូអូ ស៊ូប៊ីយ៉ាន់តូ (ប្រធានាធិបតីឥណ្ឌូនេស៊ី), លោក អាប៊ី អាល់ម៉េដ (នាយករដ្ឋមន្ត្រីអេធ្យូពី), ព្រះអង្គម្ចាស់ ខាលីដ ប៊ីន មហាម៉ាត់ (រជ្ជទាយាទអាប៊ុយដាប៊ី នៃអ៊ែម៉ីរ៉ាតអារ៉ាប់រួម) និងលោក ម៉ូរ៉ូ វីអេរ៉ា (រដ្ឋមន្ត្រីការបរទេសប្រេស៊ីល)។

ដើម្បីតម្រង់ទិសអនាគត លោក ស៊ី ជីនពីង បានស្នើឱ្យប្រទេសជាសមាជិកដើរតួជាអ្នកត្រួសត្រាយផ្លូវលើ ៤ វិស័យអាទិភាព រួមមាន ការជំរុញអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI), ការថែរក្សាសន្តិភាព និងស្ថិរភាពដោយប្រឆាំងគំនិតសង្គ្រាមត្រជាក់, ការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងរវាងប្រជាជន, និងការកែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកលឲ្យមានយុត្តិធម៌ ព្រមទាំងគាំទ្រពាណិជ្ជកម្មពហុភាគី។

ជាចុងក្រោយ លោក ស៊ី ជីនពីង បានគូសបញ្ជាក់ថា ស្មារតីរួបរួមគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ BRICS ហើយលោកបានប្រកាសថា ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល BRICS លើកទី១៩ នាឆ្នាំមុខ ដើម្បីរួមគ្នាសាង «ទសវត្សរ៍មាសទីបី» ប្រកបដោយបរិយាបន្ន និងភាពរុងរឿងសម្រាប់សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕

Khcct banner

អត្ថបទទាក់ទង