ប៉េកាំង៖ ប្រទេសចិន នាថ្ងៃព្រហស្បតិ៍នេះ បានរៀបចំពិធីយ៉ាងមហោឡារិកនៅរាជធានីប៉េកាំង ដើម្បីប្រារព្ធពិធីរំលឹកខួបលើកទី ៩០ នៃជ័យជម្នះបេសកកម្មដំណើរឆ្ពោះទៅមុខដ៏វែងឆ្ងាយ(Long March) របស់កងទ័ពចិន ពីខែតុលា ឆ្នាំ១៩៣៤ ដល់ ខែតុលា ឆ្នាំ១៩៣៦។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ក្នុងនាមជា អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គឺជាការរំលឹកឡើងវិញនូវការរួបរួមនៃកងកម្លាំងកងទ័ពក្រហមកម្មករ និងកសិករចិន នៅភាគពាយព្យនៃប្រទេសចិន កាលពីឆ្នាំ១៩៣៦ បង្កប់អត្ថន័យនយោបាយដ៏ជ្រាលជ្រៅក្នុងប្រវត្តិសាស្ត្របដិវត្តន៍ចិន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV+ ពិធីរំលឹកខួបនេះ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំកំពូលៗរបស់បក្ស និងរដ្ឋាភិបាលចិន រួមមានលោក លី ឈាំង (Li Qiang), លោក ចាវ ឡឺជី (Zhao Leji), លោក វ៉ាង ហ៊ូណឹង (Wang Huning), លោក ឆាយ ឈី (Cai Qi), លោក ឌីង ស៊ួសៀង (Ding Xuexiang) និងលោក លី ស៊ី (Li Xi) ដែលសុទ្ធសឹងជាសមាជិកណៈអចិន្ត្រៃយ៍នៃកាយរិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ព្រមទាំងអនុប្រធានាធិបតីចិន លោក ហាន ជឹង (Han Zheng)។
គួរបញ្ជាក់ថាបេសកកម្មដំណើរឆ្ពោះទៅមុខដ៏វែងឆ្ងាយ «Long March» ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់ចិន ដែលបានពង្រឹងគ្រឹះនយោបាយ និងយោធារបស់បក្សកុម្មុយនីស្តចិនរហូតទទួលបានជ័យជម្នះ។ សុន្ទរកថារបស់លោក ស៊ី ជីនពីង នៅក្នុងពិធីនេះ សង្កត់ធ្ងន់លើការដកស្រង់មេរៀន និងស្មារតីបដិវត្តន៍ពីអតីតកាល ដើម្បីយកមកតម្រង់ទិស និងបង្កើតកម្លាំងចលករថ្មី ក្នុងការជំរុញការអភិវឌ្ឍជាតិ ការពង្រឹងសន្តិសុខ និងការសម្រេចបាននូវការស្តារឡើងវិញនូវប្រជាជាតិចិនក្នុងយុគសម័យថ្មីនេះ៕