Swift cc time

ក្រុងណានឆាងរបស់ចិន រៀបចំការសម្តែងដ្រូនទ្រង់ទ្រាយធំ បង្កើតផ្ទាំងទស្សនីយភាពប្លែកភ្នែក ដើម្បីទាក់ទាញទេសចរ និងជំរុញសេដ្ឋកិច្ច

CHINA-CAMBODIA HOTLINE
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ណានឆាង៖ ក្រុងណានឆាង (Nanchang) រដ្ឋធានីនៃខេត្តជាំងស៊ី (Jiangxi) ភាគខាងកើតប្រទេសចិន កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ បានរៀបចំការសម្តែងដ្រូនយ៉ាងប្រណីតលើផ្ទៃមេឃ ដើម្បីប្រកាសបើកសម្ពោធកម្មវិធីសម្តែងប្រចាំខែជាផ្លូវការ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ និងជំរុញការចំណាយក្នុងស្រុក។ការសម្តែងបើកឆាកដំបូងនេះ ត្រូវបានបែងចែកជា ១០ ផ្នែកតាមប្រធានបទផ្សេងៗគ្នា ដោយបានរំលេចពីប្រវត្តិសាស្ត្រដ៏យូរលង់ជាង ៣,០០០ ឆ្នាំរបស់ទីក្រុង តាមរយៈរូបភាពរស់រវើកនៅលើផ្ទៃមេឃនាពេលរាត្រី។ កម្មវិធីទាំងមូលបានបញ្ចប់ទៅយ៉ាងអស្ចារ្យ ជាមួយនឹងការបង្កើតរូប «ផ្កាកូលាបចិន» (Chinese Rose) ដែលជាផ្កាតំណាងទីក្រុង រំលេចពន្លឺយ៉ាងត្រកាលពេញផ្ទៃមេឃ។

លោក Wei Fei ប្រជាពលរដ្ឋរស់នៅក្នុងក្រុងណានឆាង និងជាអ្នកចូលរួមទស្សនាផ្ទាល់ បានលើកឡើងថា៖ «ការសម្តែងនេះបាននាំយកប្រវត្តិសាស្ត្រទីក្រុងមកបង្ហាញលើផ្ទៃមេឃយ៉ាងល្អឥតខ្ចោះ ដោយមានការរួមបញ្ចូលគ្នាយ៉ាងផ្ចិតផ្ចង់រវាងបច្ចេកវិទ្យា និងវប្បធម៌។ ក្នុងនាមជាអ្នកស្រុកម្នាក់ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង»។

ព្រឹត្តិការណ៍នេះបានទាក់ទាញទស្សនិកជនរាប់ម៉ឺននាក់ ជួយបង្កើនលំហូរអតិថិជនទៅកាន់អាជីវកម្មជុំវិញតំបន់នោះ និងធ្វើឱ្យតម្រូវការបន្ទប់សណ្ឋាគារកើនឡើងយ៉ាងគំហុក។

លោក Zhuo Hua អ្នកគ្រប់គ្រងសណ្ឋាគារម្នាក់ក្នុងតំបន់ បានឱ្យដឹងថា៖ «អត្រាភ្ញៀវចូលស្នាក់នៅបានកើនឡើង ៣០.៣ ភាគរយ ប្រៀបធៀបនឹងចុងសប្តាហ៍ធម្មតា ហើយបន្ទប់ដែលមានទិដ្ឋភាពជាប់ទន្លេត្រូវបានកក់ស្ទើរតែពេញទាំងអស់។ ផ្នែកសេវាអតិថិជនបានទទួលការទូរស័ព្ទសាកសួរ និងកក់បន្ទប់កើនឡើងយ៉ាងខ្លាំង»។

អាជ្ញាធរក្រុងណានឆាងបានបញ្ជាក់ថា កម្មវិធីសម្តែងដ្រូនប្រចាំខែនេះ នឹងត្រូវប្រែក្លាយទៅជា «ម៉ាកសញ្ញាទេសចរណ៍» ដ៏សំខាន់មួយ ដោយបូកបញ្ចូលគ្នារវាងការរៀបរាប់រឿងរ៉ាវបេតិកភណ្ឌ និងការកម្សាន្តទំនើប ដើម្បីលើកស្ទួយសេដ្ឋកិច្ច និងបង្កើនបទពិសោធន៍ដ៏ល្អដល់ភ្ញៀវទេសចរ៕

Khcct banner

អត្ថបទទាក់ទង