Swift cc time

រដ្ឋបាលត្រាំ គ្រោងនឹងយកថ្លៃសេវា ៧ម៉ឺនដុល្លារ ដល់និស្សិតដែលចង់ធ្វើការនៅអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វ៉ាស៊ីនតោន៖ ក្រសួងសន្តិសុខអាម៉េរិក (DHS) បានរៀបចំសំណើថ្មីមួយតម្រូវឱ្យនិស្សិតអន្តរជាតិបង់ប្រាក់យ៉ាងតិច ៧០,០០០ ដុល្លារអាម៉េរិក ជាថ្លៃហ្វឹកហ្វឺនការងារ ប្រសិនបើពួកគេប្រាថ្នាចង់ធ្វើការនៅក្នុងសហរដ្ឋអាម៉េរិក នេះបើយោងតាមការប្រកាសផ្លូវការរបស់រដ្ឋាភិបាលអាម៉េរិកកាលពីថ្ងៃទី៧ ខែតុលា ជាផ្នែកមួយនៃវិធានការរឹតបន្តឹងកាន់តែខ្លាំងឡើងលើអ្នកកាន់ទិដ្ឋាការបរទេសពីសំណាក់រដ្ឋបាលលោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានThe Strait Times។

ផ្អែកតាមសំណើនេះ និស្សិតមិនមែនអន្តោប្រវេសន៍ (Non-immigrant Student) កាន់ទិដ្ឋាការ F-1 នឹងត្រូវបង់ប្រាក់ ៧០,០០០ ដុល្លារទៅកាន់គ្រឹះស្ថានដែលទទួលស្គាល់ សម្រាប់ការហ្វឹកហ្វឺនការងារជាក់ស្ដែង (OPT) និងបង់ ៣០,០០០ ដុល្លារបន្ថែមទៀតសម្រាប់ការហ្វឹកហ្វឺនការងារបន្ថែម ដែលបច្ចុប្បន្ននិស្សិតអន្តរជាតិបង់ប្រាក់ត្រឹមតែប្រមាណ ៥០០ ដុល្លារប៉ុណ្ណោះ។ ក្រសួង DHS បានគូសបញ្ជាក់ថា វិធានការនេះធ្វើឡើងដើម្បីទប់ស្កាត់ការឆបោក ពង្រឹងប្រព័ន្ធអន្តោប្រវេសន៍ និងការពារឱកាសការងារសម្រាប់ពលរដ្ឋអាម៉េរិក។

តាមប្រភពព័ត៌មាន កម្មវិធី OPT កន្លងមកបានដើរតួជាស្ពានចម្លងដ៏សំខាន់សម្រាប់និស្សិតបរទេស ជាពិសេសលើជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ក្នុងការផ្លាស់ប្តូរទៅកាន់ទិដ្ឋាការធ្វើការ H-1B ដែលជាផ្លូវឈានទៅរកការស្នាក់នៅអចិន្ត្រៃយ៍ (Green Card) នៅសហរដ្ឋអាម៉េរិក។

សំណើផ្លាស់ប្តូរបទប្បញ្ញត្តិនេះត្រូវបានគេរំពឹងថានឹងត្រូវប្រឈមមុខនឹងការប្តឹងតវ៉ាយ៉ាងក្តៅគគុកនៅតុលាការអាម៉េរិក ដោយសារតែវាប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពស្រូបទាញមនុស្សពូកែៗ និងអ្នកជំនាញអន្តរជាតិក្នុងទឹកដីអាម៉េរិក។ គួរបញ្ជាក់ថា សំណើនេះត្រូវទុកពេល ៣០ ថ្ងៃសម្រាប់មតិសាធារណៈ មុននឹងសម្រេចជាផ្លូវការ និងទុកពេល ៦០ ថ្ងៃទៀតមុនអនុវត្ត ដើម្បីឱ្យសាលារៀន និស្សិត និងនិយោជកមានពេលរៀបចំខ្លួន៕

Khcct banner

អត្ថបទទាក់ទង