
ភ្នំពេញ៖ ក្រុមវេជ្ជបណ្ឌិតឯកទេសចិន នៃសកលវិទ្យាល័យវេជ្ជសាស្ត្រកងទ័ពជើងទឹកចិន នៅថ្ងៃទី ១៨ មករា បានទទួលមេដាយនិង ប័ណ្ណសរសើរពីភាគីកម្ពុជា។វេជ្ជបណ្ឌិតទាំង៥រូបគឺជាវេជ្ជបណ្ឌិតចំណានគឺជាអ្នកនាំសារនៃចំណងមិត្តភាពកម្ពុជា-ចិន ថែមទាំងជាបងប្អូនល្អរបស់យើងទាំងអស់គ្នា។
លោក Li Jingfeng អនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា បានថ្លែងថា ក្នុងរយៈពេល១ឆ្នាំមកនេះ វេជ្ជបណ្ឌិតនៃកងទ័ពរំដោះប្រជាជនចិន៥រូបនេះ បានសហការ យ៉ាងល្អជាមួយស្ថាប័នពាក់ព័ន្ធនៅប្រទេសកម្ពុជា ជាពិសេស ក្រសួងការពារជាតិ និងមន្ទីរពេទ្យព្រះកេតុមាលា ដើម្បីផ្តល់សេវាសុខភាពដ៏ល្អជូនកងទ័ព និងប្រជាជនកម្ពុជា ជួយបង្កើតបទដ្ឋានព្យាបាល លើកកម្ពស់កម្រិតគុណភាពព្យាបាល ជំរុញការបណ្តុះបណ្តាលធនធានវេជ្ជសាស្ត្រ ជាពិសេស ចូលរួមក្នុងកិច្ចប្រយុទ្ធប្រឆាំង និងគ្រប់គ្រងជំងឺវីរុសកូវីដ១៩។
បើតាមលោក Li Jingfeng ក្រោយពេលក្រុមវេជ្ជបណ្ឌិតឯកទេសចិនជំនាន់ទី១៥ដែលត្រូវបញ្ចប់បេសកកម្មនៅកម្ពុជា នឹងមានវេជ្ជបណ្ឌិតឯកទេសចិនជំនាន់ទី១៦មកដល់កម្ពុជាបន្តទៀត នាចុងខែមករា ២០២១ខាងមុខនេះ។
ជំនួសមុខឲ្យក្រសួងការពារជាតិនៃកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ពេជ្រ ឈឿន សម្តែងនូវការដឹងគុណ កោតសរសើរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះក្រុមវេជ្ជបណ្ឌិតកងទ័ពរំដោះប្រជាជនចិន ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា ប្រកបដោយជោគជ័យ ឈរលើស្មារតីទទួលខុសត្រូវ ការលះបង់ពេលវេលាយ៉ាងធំធេង ក្នុងការជួយព្យាបាល និងបណ្តុះបណ្តាល ជាមួយនឹងជំនួយជាឧបករណ៍ទំនើបៗបំពាក់ ក្នុងមន្ទីរពេទ្យព្រះកេតុមាលា ដោយបានពង្រីកសមត្ថភាពព្យាបាលកាន់តែល្អប្រសើរ ផ្តល់ជូនប្រជាជន និង កងទ័ពកម្ពុជា។
តំណាងឲ្យភាគីកម្ពុជា ឯកឧត្តម សូមគោរពថ្លែងអំណរគុណយ៉ាងខ្លាំងផងដែរ ចំពោះរដ្ឋាភិបាល ក៏ដូចជា ក្រសួងការពារជាតិប្រទេសចិន ដែលតែងតែយកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជា ខណៈដែលចិនគឺជាប្រទេសផ្តល់ជំនួយច្រើនបំផុតដល់កម្ពុជា៕



