ចិន៖ ស្ត្រីជនជាតិចិនម្នាក់គឺអ្នកស្រី លីវ ជឺហាន (Liu Zihan) អាយុ ៣១ ឆ្នាំ ជាបណ្ឌិតផ្នែកវេជ្ជសាស្ត្រ បានសម្រេចចិត្តលាឈប់ពីការងារជាគ្រូពេទ្យផ្លូវចិត្ត និងជាអ្នកស្រាវជ្រាវក្រោយបណ្ឌិត នៅមន្ទីរពេទ្យលំដាប់ថ្នាក់ខ្ពស់បំផុត (Grade 3A) ក្នុងក្រុងជូហៃ ខេត្តក្វាងដុង កាលពីខែកុម្ភៈ កន្លងទៅ ដើម្បីមកចាប់យករបៀបរស់នៅបែបសេរី និងមិនសូវមានសម្ពាធ។ បច្ចុប្បន្ន អ្នកស្រីកំពុងបំពេញការងារក្រៅម៉ោង (Part-time) ជាច្រើនដូចជា រត់ដឹកឥវ៉ាន់ ច្រៀងតាមហាងស្រា លក់អាហារពេលព្រឹក និងបន្តធ្វើជាអ្នកពិគ្រោះយោបល់ផ្លូវចិត្តផ្នែកឯកជន។
បើតាមការរៀបរាប់ អ្នកស្រី លីវ បានចំណាយពេល ៣០ ឆ្នាំដំបូងនៃជីវិត រស់នៅក្នុងប្រព័ន្ធអប់រំ និងការងារដែលមានការប្រកួតប្រជែងយ៉ាងតឹងរ៉ឹង ដោយបានបញ្ចប់ការសិក្សានៅវិទ្យាល័យហេងស៊ុយ (Hengshui) ដែលល្បីល្បាញខាងវិន័យម៉ឺងម៉ាត់ មុននឹងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យស៊ីឈួន និងបញ្ចប់ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យម៉ាកាវ ក្នុងវ័យ ២៧ ឆ្នាំ។ ទោះបីជាទទួលបានការកោតសរសើរខ្លាំងពីអ្នកជំងឺ និងមានប្រាក់ខែខ្ពស់យ៉ាងណាក្តី អ្នកស្រីបានចំណាយពេល ២ ឆ្នាំដើម្បីសម្រេចចិត្តចាកចេញ ដោយសារមិនអាចទ្រាំទ្រនឹងបរិយាកាសការងារដែលមានកាលវិភាគតឹងតែងពេក។
ក្រោយលាឈប់ពីការងារ លោកស្រីបានរៀបរាប់ថា ខ្លួនបានជួបមិត្តភក្តិថ្មីៗជាច្រើនក្នុងក្រុមអ្នកធ្វើការងារសេរី (Gig workers) ដែលបានចែករំលែកនូវភាពវិជ្ជមាន ការរាប់អាន និងការជួយយកអាសាគ្នាទៅវិញទៅមក មិនដូចបរិយាកាសប្រកួតប្រជែងកន្លងមកឡើយ។លោកស្រីបានរៀបរាប់ថា ការងារសេរីទាំងអស់នេះបានផ្តល់ឱ្យលោកស្រីនូវ ភាពស្ងប់ស្ងាត់ ភាពធន់ និងសេរីភាព ដែលលោកស្រីមិនធ្លាប់មានពីមុនមក ព្រមទាំងបានស្គាល់ពីតម្លៃនៃមិត្តភាព និងការជួយយកអាសាគ្នាយ៉ាងស្មោះត្រង់ក្នុងក្រុមអ្នកធ្វើការងារសេរី (Gig workers)។
ទោះបីជាឪពុកម្តាយរបស់អ្នកស្រីនៅតែមានការងឿងឆ្ងល់ចំពោះជម្រើសជីវិតនេះក្តី តែពួកគាត់បានចាប់ផ្តើមយល់ស្របជាបណ្តើរៗ ខណៈពេលដែលអ្នកស្រី លីវ មានក្តីស្រមៃចង់រៀបចំការប្រគំតន្ត្រីផ្ទាល់ខ្លួន យកសាច់រឿងជីវិតមកថតជាខ្សែភាពយន្ត និងមានទីធ្លាផ្ទះតូចមួយសម្រាប់ចិញ្ចឹមឆ្មាយ៉ាងសុខសាន្ត៕