ថៃ៖ អាជ្ញាធរថៃ កាលពីថ្ងៃ៣០កញ្ញា បានរឹបអូសថ្នាំញៀនប្រភេទម៉ាទឹកកក (Crystal Meth) ទម្ងន់ ៦០០ គីឡូក្រាម ពីផ្ទះមួយខ្នងក្នុងស្រុកតាក់បៃ (Tak Bai) ខេត្តណារ៉ាធិវ៉ាត់ (Narathiwat) ក្នុងប្រតិបត្តិការបង្ក្រាបបណ្តាញជួញដូរថ្នាំញៀនឆ្លងដែនមួយ។ ថ្នាំញៀនទាំងនោះ មានតម្លៃប៉ាន់ស្មានប្រមាណ ៤០ លានបាត(ជាង១លានដុល្លារ) និងត្រូវបានគេរាយការណ៍ថា បានលាក់ទុកនៅក្នុងបាវជីចំនួន ៣០ បាវ និងបន្លំធ្វើជាកញ្ចប់តែចិន។
យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត សមត្ថកិច្ចថៃ និងមន្រ្តីពាក់ព័ន្ធ បានចូលឆែកឆេរផ្ទះខាងលើក្នុងឃុំណាណាក់ (Nanak) កាលពីថ្ងៃទី៣០ ខែកញ្ញា បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ថា ទីតាំងនោះត្រូវគេប្រើប្រាស់ជាកន្លែងស្តុកទុកថ្នាំញៀន មុននឹងលួចជួញដូរទៅកាន់ប្រទេសជិតខាង។ ក្នុងបាវនីមួយៗមានផ្ទុកថ្នាំញៀនចំនួន ២០ កញ្ចប់ (ក្នុងមួយកញ្ចប់ទម្ងន់ ១ គីឡូក្រាម) និងសរុបទាំងអស់មានចំនួន ៦០០ គីឡូក្រាម។
បច្ចុប្បន្ន អាជ្ញាធរថៃ បានកំណត់អត្តសញ្ញាណម្ចាស់ផ្ទះខាងលើថាជាបុរសម្នាក់ឈ្មោះ «បាលី» (Balee) ហើយកំពុងតាមស្វែងរកចាប់ខ្លួន។ ក្រុមអ្នកស៊ើបអង្កេតក៏កំពុងប្រមូលភស្តុតាងកោសល្យវិច័យ និង DNA ព្រមទាំងពង្រីកការស៊ើបអង្កេតដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យផ្សេងទៀតដែលពាក់ព័ន្ធក្នុងបណ្តាញជួញដូរនេះ រាប់បញ្ចូលទាំងអ្នកទទួលខុសត្រូវក្នុងការស្តុកទុក ការដឹកជញ្ជូន និងអ្នកបញ្ជាទិញ៕