Swift cc time

តាក់ស៊ីហោះប្រើ EV នៅវៀតណាម ១៣០ គីឡូម៉ែត្រ/ម៉ោង អាចនឹងដាក់ដំណើរការនៅក្រុងហាណូយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ ប្រទេសវៀតណាម កំពុងឈានជើងចូលជិតយុគសម័យថ្មីនៃប្រព័ន្ធដឹកជញ្ជូនផ្លូវអាកាសក្នុងក្រុង បន្ទាប់ពីនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្រុងហាណូយ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន Hung Viet Technology Investment and Trading កាលពីចុងសប្តាហ៍មុន ដើម្បីសិក្សា និងស្នើសុំការសាកល្បងលើ «តាក់ស៊ីហោះ» អគ្គិសនីគ្មានអ្នកបើកបរ នៅក្នុងឧទ្យានបច្ចេកវិទ្យាជឿនលឿន Hoa Lac (Hoa Lac Hi-Tech Park)។«តាក់ស៊ីហោះ» នេះមានកៅអី ២ សម្រាប់អ្នកដំណើរ ២ នាក់។

យោងតាមការចុះផ្សាយរបស់កាសែត Tuoi Tre News យន្តហោះអគ្គិសនីដែលត្រូវយកមកសាកល្បងនេះ គឺជាម៉ូដែល EHang EH216-S (ប្រភេទ eVTOL អាចហោះឡើង និងចុះចតតាមទិសឈរ) ផលិតដោយក្រុមហ៊ុន EHang របស់ប្រទេសចិន។ យន្តហោះសម័យថ្មីនេះ បញ្ជាទិសដៅហោះហើរស្វ័យប្រវត្តិតាមប្រព័ន្ធរ៉ូបូត និងទីតាំង GNSS ដោយមានមជ្ឈមណ្ឌលបញ្ជាពីចម្ងាយតាមដានជាប់ជានិច្ច ព្រមទាំងមានកៅអី ២ សម្រាប់អ្នកដំណើរ ២ នាក់។ វាអាចរត់ក្នុងល្បឿនអតិបរមា ១៣០ គីឡូម៉ែត្រ/ម៉ោង និងហោះហើរបានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រ ដែលសមស្របសម្រាប់ការធ្វើដំណើរខ្លីៗក្នុងក្រុង និងវិស័យទេសចរណ៍។

ប្រព័ន្ធបញ្ជាហោះហើរ និងម៉ាស៊ីនអគ្គិសនី ត្រូវបានរចនាឡើងជាមួយនឹងប្រព័ន្ធការពារបម្រុងច្រើនជាន់ (Backup system) ដើម្បីធានាសុវត្ថិភាពភ្លាមៗ ប្រសិនបើមានសមាសធាតុណាមួយជួបបញ្ហាបច្ចេកទេស។ គម្រោងនេះនៅតែស្ថិតក្នុងដំណាក់កាលសិក្សា និងរៀបចំឯកសារស្នើសុំគោលការណ៍អនុញ្ញាតផ្លូវការពីរដ្ឋបាលក្រុងហាណូយនៅឡើយ។ ប្រសិនបើការសាកល្បងទទួលបានជោគជ័យ វៀតណាមនឹងជំរុញការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍អាកាសគ្មានមនុស្សបើក និងសិក្សាពីលទ្ធភាពប្រតិបត្តិការពាណិជ្ជកម្មផ្លូវការនាពេលអនាគត៕

Khcct banner

អត្ថបទទាក់ទង