កំពង់ស្ពឺ៖ បុរស១នាក់ អាយុ ៣៤ឆ្នាំ ដែលបានយកដែកដាក់ទទឹងផ្លូវល្បឿនលឿនPK54 ស្ថិតក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចបង្រ្កាបបានហើយ។ ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចដែកមូលពីចំការមួយកន្លែង រួចដើរឆ្លងកាត់ឡើងទៅលើផ្លូវល្បឿនលឿន ហើយក៏បានទុកដែកដាក់ទទឹងកណ្ដាលទ្រូងផ្លូវ រួចក៏បង្កហេតុដល់ឡានអ្នកដំណើរដែលឆ្លងកាត់។
សមត្ថកិច្ច បានសហការជាមួយកំលាំងប្រចាំការលើផ្លូវល្បឿនលឿន ស្រាវជ្រាវបន្ទាន់លើករណីបុរសដែលយកដែកដាក់លើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រPK54_55 ស្ថិតក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ ជុំវិញការស្រាវជ្រាវ លោក ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ថាករណីបុរសសង្ស័យឈ្មោះ សេង សុខ ភេទ ប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ដើមឡើយបានធ្វើសកម្មភាពលួចដែកមូលដែលមានប្រវែង៦ម៉ែត្រចំនួន២ដើម នៅក្នុងចំការមួយកន្លែងក្នុងឃុំអូរស្រុកភ្នំស្រួច។
ប្រភពដដែល បានបញ្ជាក់ថា ក្រោយលួចបានហើយ បុរសម្នាក់នេះ ក៏ដើរឆ្លងកាត់ឡើងទៅលើផ្លូវល្បឿនលឿន (ទិសដៅពីលិចទៅកើត) បានទុកដែកដាក់ទទឹងកណ្ដាលទ្រូងផ្លូវ ស្របពេលមានរថយន្ដបើកមកដល់បានគេចនឹងប៉ះ បណ្ដាលឱ្យមានការព្រួយបារម្ភថាជាសកម្មភាពស្ទាក់ប្លន់រថយន្ដ នៅយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ទៅលើរថយន្ដម៉ាក toyota prius ពណ៌ស ស្លាកលេខសៀមរាប 2D-2010 ដោយបានរងការខូចខាតផ្នែកខាងមុខ តែមិនបណ្ដាលឱ្យរងរបួសមនុស្សនោះទេ យោងតាមពាក្យបណ្ដឹងពីឈ្មោះ ឆេង រដ្ឋា ភេទប្រុស អាយុ៣៩ឆ្នាំ៕