វៀតណាម៖ រដ្ឋាភិបាលវៀតណាម បានចេញសេចក្តីសម្រេចជាផ្លូវការ ដោយ បន្តអនុវត្តការលើកលែង និងកាត់បន្ថយពន្ធ លើប្រេងឥន្ធនៈគ្រប់ប្រភេទ ចាប់ពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ វិធានការនេះគ្របដណ្តប់លើការបន្តអនុវត្តអត្រាពន្ធអនុគ្រោះ ទាំងពន្ធនាំចូល ពន្ធការពារបរិស្ថាន និងពន្ធលើតម្លៃបន្ថែម (VAT) លើប្រេងសាំង ប្រេងម៉ាស៊ូត វត្ថុធាតុដើមផលិតប្រេង និងប្រេងយន្តហោះ ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងអាជីវកម្មផ្សេងៗ។
យោងតាមការចេញផ្សាយរបស់កាសែតVietnam.VN អាជ្ញាធរវៀតណាមរំពឹងថា ការបន្តរក្សាគោលនយោបាយពន្ធអនុគ្រោះនេះ នឹងជួយរក្សាស្ថិរភាពទីផ្សារប្រេងកាត និងធានាសន្តិសុខថាមពលជាតិ។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម រួមជាមួយក្រសួងហិរញ្ញវត្ថុវៀតណាម នឹងបន្តតាមដានស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង ដើម្បីស្នើសុំការកែសម្រួលរយៈពេលអនុវត្តបន្ថែមទៀត ប្រសិនបើមានការប្រែប្រួលកើតឡើង។
គួរបញ្ជាក់ថា ការសម្រេចអន្តរាគមន៍ផ្នែកពន្ធនេះ ធ្វើឡើងបន្ទាប់ពីតម្លៃប្រេងឆៅលើទីផ្សារពិភពលោកបានហក់ឡើងខ្លាំង ដោយសារវិបត្តិជម្លោះនៅមជ្ឈិមបូព៌ា ដែលបានរុញច្រានឱ្យតម្លៃប្រេងលក់រាយក្នុងស្រុកកើនឡើងខ្ពស់។ ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែកញ្ញាកន្លងទៅ តម្លៃសាំង E5RON92 នៅវៀតណាម បានឡើងដល់ ២៦,៣៩៧ ដុង/លីត្រ (ប្រមាណ ១ ដុល្លារ) សាំង E10RON95-III ឡើងដល់ ២៧,០៨៧ ដុង/លីត្រ (ប្រមាណ ១.០៤ ដុល្លារ) និងប្រេងម៉ាស៊ូតឡើងដល់ ៣០,៤៩៧ ដុង/លីត្រ (ប្រមាណ ១.១៧ ដុល្លារ) ដែលបង្កជាសម្ពាធយ៉ាងខ្លាំងដល់ថ្លៃទំនិញ និងសេវាកម្មទូទៅ៕